សង្គម

រំភើបជំនួស! ប្អូនប្រុសដែលតស៊ូលក់បន្លែ យកលុយទៅរៀន ត្រូវបានឧកញ៉ា ស្រី ចាន់ថន ជួយថ្លៃសិក្សារយៈពេល ៥ឆ្នាំ និងថវិកាប្រចាំខែមួយចំនួនទៀត

BY
srey nuch
February 22, 2023

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការចែករំលែកពេញបណ្ដាញសង្គម នូវវីដេអូរបស់ក្មេងប្រុសដ៏កំសត់ម្នាក់ពាក់ឯកសណ្ឋានសិស្សសាលា ដោយសារជីវភាពខ្វះខាត ត្រូវលក់បន្លែ ដើម្បីយកថវិកាទៅសិក្សា។ វីដេអូនេះធ្វើឱ្យមហាជនជាច្រើន រំជួលចិត្តជាខ្លាំង និងកោតសរសើរទៅដល់ប្អូនប្រុស ដែលចេះតស៊ូ ទោះបីជីវភាពខ្សត់ ប៉ុន្តែនៅតែមានគំនិតចង់ចេះ ចង់រៀនមិនបោះបង់ការសិក្សាចោលឡើយ។

បន្ទាប់ពីបានឃើញនូវវីដេអូ ដ៏កំសត់របស់ប្អូនប្រុសនោះហើយ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឧកញ៉ា ស្រី ចាន់ថន នៅយប់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុសក្នុងការសិក្សារយៈពេល ៥ ឆ្នាំ និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយបានចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី? ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផង ដើរលក់បន្លែផង ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល៥ ឆ្នាំ ទាំងសម្ភារសិក្សានិងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស ៕ »

ប្រភព៖ ស្រី ចាន់ថន-Srey Chanthorn

Share This Post: