ជប៉ុនហាមមិនឲ្យលក់ទស្សនាវត្តីអាសអាភាសនៅតាមផ្សារទំនើប អំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០
ជប៉ុននឹងធ្វើការហាមឃាត់មិនឲ្យមានលក់ទស្សនាវត្តីអាសអាភាសនៅតាមផ្សារទំនើបនានាចាប់ពីខែសីហាខាងមុខនេះ ខណៈជប៉ុននឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗបី ដែលនឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២០។ ព្រឹត្តិការណ៍កីឡាសំខាន់ៗចំនួន ៣ នោះរួមមាន៖
១.ព្រឹត្តិការណ៍កីឡា The 2019 Rugby World Cup ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩
២.ព្រឹត្តិការណ៍កីឡា 2020 Summer Olympics ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២០
៣.ព្រឹត្តិការណ៍កីឡា Paralympics ចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០
ផ្សារទំនើបដែលជាគោលដៅធ្វើការហាមឃាត់នោះរួមមាន 7-Eleven Japan Co., ចំនួន ២០ ៧០០ កន្លែង, FamilyMart Co.ចំនួន ១៦ ០០០ កន្លែង និង Lawson Inc. ចំនួន ១៤ ០០០ កន្លែង ហើយបន្ទាប់ពីព្រឹត្តិការណ៍ទាំង ៣ នេះត្រូវបានបញ្ចប់ ទើបផ្សារទំនើប ទាំងនេះអាចបើកលក់ទស្សនាវត្តីអាសអាភាសនេះវិញបាន។ មូលហេតុនៃការហាមឃាត់នេះព្រោះជប៉ុនមិនចង់ឲ្យជនបរទេស ជាពិសេសស្រ្តី និងកុមារបរទេស ឃើញរូបភាពទាំងនេះឡើយ ក្នុងអំឡុងពេលដែលពួកគេមកទស្សនាព្រឹត្តិការណ៍ទាំង ៣ ខាងលើ។ សូមបញ្ជាក់ថា សម្រាប់នៅក្នុងប្រទេសជប៉ុនការដាក់លក់ទស្សនាវត្តីអាសអាភាសនេះគឺជារឿងធម្មតា តែសម្រាប់ជនបរទេសវិញប្រហែលវាជារឿងចម្លែក៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark

