លែងមានទៀតហើយ ឡាន-ម៉ូតូចតរញ៉េរញ៉ៃតាមដងផ្លូវ
បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមក នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៧ និង០០នាទី ដល់ម៉ោង៥ និង០០នាទី អាជ្ញាធរនៅក្នុងខណ្ឌដូនពេញ បានចាប់ផ្តើមចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីសុីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤ ផ្លូវលេខ១៤៨ ផ្លូវលេខ១៥៤ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ ផ្លូវលេខ៤៧ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។
ជាលទ្ធផលសរុប កម្លាំងសមត្ថកិច្ចបានស្ទូចរថយន្ដចំនួន០៤គ្រឿង ម៉ូតកង់បីចំនួន០៤គ្រឿង ម៉ូតូចំនួន៦គ្រឿង រ៉ឺម៉ក០១គ្រឿង ម៉ូតរ៉ឺម៉កលក់ដូរ០៣គ្រឿងបានបញ្ជូនយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ៕

អត្ថបទ៖ សេម
ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ





