អន្តរជាតិ

នារីថៃម្នាក់បានកុម្ម៉ង់បាច់លុយទុក surprise មិត្តប្រុសនៅថ្ងៃបញ្ចប់​ការ​សិក្សា ប៉ុន្តែត្រូវអ្នកដឹកជញ្ជូនដឹកទៅបាត់គ្មានស្រមោលរហូតដល់ពេលនេះ

BY
autoadmin
March 2, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា នារី​ជនជាតិថៃម្នាក់​បានបាត់បាច់លុយ ដែលមានតម្លៃជាង ៥០,០០០​ បាត ឬប្រមាណ ១,៥០០ ដុល្លារ បន្ទាប់ពីនាងបានកុម្ម៉ង់បាច់លុយតាម Online ហើយត្រូវអ្នកដឹកជញ្ជូនយកទៅបាត់ស្រមោល។ នារីនោះមានឈ្មោះថា Sunitra Boonyaem បានកុម្ម៉ង់បាច់លុយដែលមានតម្លៃ ៥៣,៥៥០ បាត ដើម្បីជា​កាដូ​ក្នុង​ថ្ងៃ​បញ្ចប់​ការ​សិក្សារបស់មិត្តប្រុស ហើយបានប្រាប់ភាគីអ្នកលក់ឱ្យផ្ញើបាច់លុយដល់ផ្ទះរបស់នាង នៅស្រុក Bang Sao Thong ក្នុងខេត្ត Samut Prakan។ យ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកនាងមិនបានទទួលបាច់លុយនោះទេ។

ការពិតទៅ ម្ចាស់ហាងបានរៀបចំឱ្យអ្នកដឹកជញ្ជូនយកទំនិញទៅឱ្យនាង Sunitra Boonyaem ហើយអ្នកដឹកជញ្ជូនក៏បានជិះទៅទីតាំងផងដែរ (មើលតាមចំណង GPS) ប៉ុន្តែនៅពេលទៅដល់ទីតាំងគោលដៅ អ្នកដឹកជញ្ជូនម្នាក់នោះបានចុចសញ្ញា «បានទទួលទំនិញ» ទាំងដែលនារីរូបនោះមិនបានទទួលអ្វីនោះទេ។ នាងក៏បានទូរស័ព្ទទៅរកអ្នកដឹកភ្លាមៗ ប៉ុន្តែបុគ្គលនោះបាននិយាយថា មានអ្នកបានទទួលបាច់លុយរួចហើយ។ នាងក៏បានទាមទាររករូបថតបញ្ជាក់ការផ្ដល់ទំនិញ ប៉ុន្តែបុគ្គលនោះបាននិយាយថា គាត់មិនបានថតវាទុកនោះទេ។ បន្ទាប់មកនាង​បានដាក់បណ្ដឹងទៅប៉ុស្ដិ៍ប៉ូលិស ហើយ​ក្រោយ​មកនាងក៏​បានស្នើទំព័រ​ហ្វេសប៊ុក Sai Mai Tong Rot ឱ្យជួយស្វែងរកអ្នកដឹកម្នាក់នោះ ប៉ុន្តែមិនទាន់មានតម្រុយអ្វីនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: