សង្គម

ប្រធានក្រុមបាល់ទះជម្រើសជាតិ ប្រកាសពីការចូលនិវត្តន៍ ក្រោយចប់ ស៊ីហ្គេម ឆ្នាំ២០២៣

BY
Naren
March 8, 2023

ភ្នំពេញ៖ កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងប្រធានក្រុម សួន ចាន់ណារ៉ូ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ជុំវិញអាជីពរបស់ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រមទាំងចែកផ្លូវជាមួយក្លិបបាល់ទះវិសាខា ក្រោយពេលបំពេញភារកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចប់រួចរាល់។

កីឡាករកម្ពស់ ១,៩៣ម៉ែត្រ សួន ចាន់ណារ៉ូ បានប្រាប់មកកាន់ CAMBODIA 2023 ថា ពិតជាសម្រេចចិត្តច្បាស់មែន បើទោះពេលនេះ វ័យហាក់មិនទាន់ជាចាស់ខ្លាំងក៏ដោយ ហើយដើមចមនៃការប្រកាសចូលនិវត្តន៍ទាំងវ័យក្មេងបែបនេះ គឺដោយសារតែខ្លួនរូបគេ ចង់ផ្ដល់ពេលវេលាជាមួយគ្រួសារឱ្យបានច្រើនបន្តិច និងមានការងារជាច្រើនទៀត គឺទាក់ទងនឹងការងារជាមន្ត្រីរាជការដែលត្រូវបំពេញ។

កីឡាករវ័យ២៩ឆ្នាំខាងលើ បាននិយាយបែបនេះថា៖ « ខ្ញុំសម្រេចចិត្តច្បាស់ហើយបង គឺចប់ស៊ីហ្គេម ខ្ញុំសុំឈប់ពីជម្រើសជាតិ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបវិសាខាដែរ។ ខ្ញុំឈប់នេះក៏ដោយសារខ្ញុំចង់ផ្ដល់ឱកាសឱ្យក្មេងៗស្រករក្រោយ គាត់បានបង្ហាញសមត្ថភាព ហើយខ្ញុំទៀតសោត ត្រូវទៅបម្រើការងារនៅអង្គភាព និងចង់ផ្ដល់ពេលវេលាខ្លះជាមួយគ្រួសារ ព្រោះថាខ្ញុំបានចំណាយពេលវេលាច្រើនជាមួយបាល់ទះនេះ អស់ជាង១០ឆ្នាំហើយដែរ។ ណាមួយទៀត ខ្ញុំក៏ហាក់ថមថយកម្លាំង មិននៅខ្លាំង និងរហ័សរហួនដូចមុនដែរបង អ៊ីចឹងហើយក៏សម្រេចចិត្តប្រកាសថា ចូលនិវត្តន៍ ក្រោយចប់ស៊ីហ្គេមនេះតែម្ដងទៅ»។

សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះ នៅឆ្នាំ២០១២ ដោយចូលដំបូងលេងឱ្យក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ តែក្រោយមកក៏បានផ្លាស់ទៅលេងឱ្យក្លិបសសយកខេត្តព្រៃវែង ហើយក្លិបនេះក៏បានប្ដូរឈ្មោះមកជាក្លិបវិសាខា ដល់បច្ចុប្បន្ន។ អ្នកលើកបាល់របស់កម្ពុជារូបនេះ បានជាប់ជម្រើសជាតិ នៅឆ្នាំ២០១៥ និងបានចេញទៅប្រកួតស៊ីហ្គេម នៅក្រៅប្រទេសសរុបបានចំនួន៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។

នៅក្នុងចំណោមការចូលរួមប្រកួតស៊ីហ្គេម ទាំង៣លើកនេះ សួន ចាន់ណារ៉ូ បានក្លាយជាបេក្ខភាពមួយយ៉ាងសំខាន់ ដែលបានឱ្យជួយក្រុមជម្រើសជាតិ ដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលេពីខែឧសភា ឆ្នាំ២០២២។ ចំណែកសមិទ្ធផលលេងឱ្យក្លិបវិញ ចាន់ណារ៉ូ បានជួយឱ្យក្រុមវិសាខា ឈ្នះជើងឯកជាច្រើនមានដូចជា ឆ្នាំ២០១៦ ឈ្នះមេដាយមាស កីឡាជាតិ លើកទី១ ឆ្នាំ២០១៧ បានមេដាយមាស លីគស្រាបៀរកម្ពុជា ហើយនៅឆ្នាំ២០១៧ ដដែលនោះ ក៏ឈ្នះបានមេដាយមាសម្ដងទៀត ក្នុងពានរង្វាន់ស្រាបៀរ LEO។ នៅឆ្នាំ២០១៧នោះដែរ វិសាខា បានទៅលេងពានរង្វាន់កម្រិត ( ខ ) នៅថៃ ហើយទទួលបានមេដាយមាសទៀត។

កីឡាករ ដែលគេបានដាក់រហស្សនាមថា ជាដៃប៉ះសេលេខ១នៅកម្ពុជា សួន ចាន់ណារ៉ូ បានរួមដំណើរជាមួយក្រុមវិសាខា ដើម្បីចូលរួមការប្រកួតពានរង្វាន់កម្រិត «ក» នៅប្រទេសថៃម្តងទៀត ក្នុងឆ្នាំ២០១៨ និងទទួលបានចំណាត់ថ្នាក់លេខ៣ ហើយនៅឆ្នាំ២០១៨ ដដែលនោះ ក្រុមវិសាខា បានឈ្នះមេដាយមាសកីឡាជាតិលើកទី២ ម្ដងទៀត។ ចំណែកឆ្នាំ២០២២ ចាន់ណារ៉ូ ក៏បានជួយវិសាខាឱ្យឈ្នះជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ហើយឆ្នាំ២០២៣ បានត្រឹមលេខ២ ក្នុងរង្វាន់នេះដដែល ដោយចាញ់ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់៕ ប្រភព៖ CAMBODIA 2023

Share This Post: