អន្តរជាតិ
ដូណាល់ ត្រាំ អាចនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារនេះ ពាក់ព័ន្ធនឹងការបង់ប្រាក់ ១៣០,០០០ ដុល្លារ ទៅឱ្យតារាសម្ដែងរឿងក្ដៅសាច់ Stormy Daniels
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារនេះ ក្រោមការចោទប្រកាន់ដែលផ្តើមចេញពីការស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារ ទៅដល់តារាសម្ដែងរឿងក្ដៅសាច់ Stormy Daniels ក្នុងឆ្នាំ២០១៦។ ដូច្នេះគាត់នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនេះ។

កាលពីឆ្នាំ២០១៦ តារារឿងក្ដៅសាច់ Stormy Daniels បានទាក់ទងទៅប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីស្នើលក់គណនីរបស់នាង ដែលមានទំនាក់ទំនងរួមមេត្រីជាមួយលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០០៦។ ក្រុមអ្នកការពារលោក ត្រាំ បានទទួលនូវរឿងក្ដីនេះ ហើយមេធាវីរបស់គាត់ គឺលោក Michael Cohen ក៏បានបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារ ដល់តារាស្រី Stormy Daniels ដើម្បីរក្សាភាពស្ងៀមស្ងាត់។
ការបង់ប្រាក់បញ្ចប់រឿងនេះមិនខុសច្បាប់ទេ ប៉ុន្តែនៅពេលដែលលោក ត្រាំ ទូទាត់ប្រាក់ទៅលោក Cohen នៅកំណត់ត្រាសម្រាប់ការទូទាត់បានសរសេរថា វាគឺជាការទូទាត់សម្រាប់ថ្លៃសេវាតាមផ្លូវច្បាប់។ បែបនេះហើយទើបក្រុមរដ្ឋអាជ្ញាបាននិយាយថា នេះជាចំនួនដែលក្លែងបន្លំនៅក្នុងកំណត់ត្រាអាជីវកម្ម ដែលរាប់ថាជាបទឧក្រិដ្ឋនៅទីក្រុងញូវយ៉ក៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia