អន្តរជាតិ
ប្រទេសថៃប្រកាសនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ហើយថាវានឹងផ្សាយនៅក្នុងព្រះរាជសារនាពេលឆាប់ៗនេះ។ យោងតាមច្បាប់ស្តីពីការបោះឆ្នោត EC ត្រូវប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការរំលាយសភា។ រំលឹកដែរថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានរំលាយសភាតំណាងរាស្រ្តកាលពីថ្ងៃចន្ទ។ EC ក៏នឹងប្រកាសពីកាលបរិច្ឆេទសម្រាប់គណបក្សនយោបាយ ដើម្បីចុះឈ្មោះបេក្ខភាពរបស់ពួកគេជាផ្លូវការ ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការរំលាយសភា។

ទោះយ៉ាងណាក៏ដោយ វាបាននិយាយថា កាលបរិច្ឆេទទាំងនេះ នឹងត្រូវបានប្រកាសបន្ទាប់ពីកាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ត្រូវបានបោះពុម្ពនៅក្នុង Royal Gazette ។ EC ក៏គ្រោងនឹងប្រកាសឈ្មោះការិយាល័យបោះឆ្នោតក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីគណបក្សបានចុះឈ្មោះបេក្ខភាពរបស់ពួកគេ។ EC នឹងជូនដំណឹងដល់ខុទ្ទកាល័យស្ដីទី និងលេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រីអំពីការសម្រេចចិត្តរបស់ខ្លួន ដែលនឹងត្រូវបានបោះពុម្ពនៅពេលក្រោយនៅក្នុង Royal Gazette។ គណៈរដ្ឋមន្ត្រីស្ដីទីបានអនុម័តថវិកាចំនួន ៥.៩៤ ពាន់លានបាត សម្រាប់ EC ដើម្បីរៀបចំការបោះឆ្នោត៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia