អន្តរជាតិ
កូរ៉េខាងជើងបង្ហោះមីស៊ីលឆ្លងទ្វីបជាច្រើនទៅក្នុងសមុទ្រខាងកើត ស្របពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធរួមគ្នា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុងហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃពុធនេះ។ អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់ Hamhung នៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ចាប់ពីម៉ោង ១០:១៥ នាទីព្រឹក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗនោះទេ។

ការបាញ់បង្ហោះនេះបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធ Freedom Shield (FS) ក៏ដូចជាលំហាត់ហ្វឹកហ្វឺន Warrior Shield ។ សមយុទ្ធ FS មានរយៈពេល ១១ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
JCS បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«ក្រោមឥរិយាបទការពាររួមបញ្ចូលគ្នាយ៉ាងរឹងមាំ យោធារបស់យើងនឹងបញ្ចប់ដោយជោគជ័យនូវសមយុទ្ធ FS ហើយបន្តអនុវត្តសមយុទ្ធ Warrior Shield យ៉ាងស្វិតស្វាញ»។ ជម្រាបដែរថា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត អំឡុងពេលដែលខ្លួនអះអាងថាជាសមយុទ្ធយុទ្ធសាស្ត្រ «ប្រឆាំងនុយក្លេអ៊ែរ» កាលពីចុងសប្តាហ៍កន្លងទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ យ៉ុងហាប់
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia