អន្តរជាតិ
គ្រួសារមួយនៅវៀតណាមត្រូវបានគេពិន័យ ២,៧០០ដុល្លារ ពីបទចិញ្ចឹមសត្វឆ្កែជាង ៨០ក្បាល ដែលធ្វើឱ្យជះក្លិនមិនល្អដល់អ្នកជិតខាង
វៀតណាម៖ គ្រួសារមួយនៅក្នុងសង្កាត់ទី៤ របស់ទីក្រុងហូជីមិញ ដែលមានចញ្ចឹមសត្វឆ្កែចំនួន ៨២ក្បាល ត្រូវបានអាជ្ញាធរពិន័យជាប្រាក់ ៦៤ លានដុង (២,៧០០ ដុល្លារអាមេរិក) ពីបទបំពុលបរិស្ថាន។ អាជ្ញាធរនៅមណ្ឌលទី៩ បាននិយាយថា ពួកគេបានសម្រេចចិត្តផាកពិន័យគ្រួសារ ដែលរស់នៅលើផ្លូវ Hoang Dieu ចំពោះការបង្ហូរទឹកស្អុយលើសពីចំនួនអនុញ្ញាតរហូតដល់ទៅ ១០ដង។ អាជ្ញាធរក៏បានជួលក្រុមហ៊ុនឯករាជ្យមួយ ដើម្បីប្រមូលសំណាកទឹកស្អុយដែលហូរចេញពីផ្ទះរបស់គ្រូសារនេះ។

ភាគច្រើននៃសត្វឆ្កែដែលកំពុងរស់នៅក្នុងផ្ទះទំហំ ២៦ ម៉ែត្រការេនេះ គឺជាកូនឆ្កែ ឬឆ្កែឈឺដែលត្រូវបានគេបោះបង់ចោល។ អ្នកជិតខាងបានត្អូញត្អែរម្តងហើយម្តងទៀតទៅកាន់អាជ្ញាធរ អំពីក្លិន សំឡេង និងការបញ្ចេញទឹកស្អុយ។ ទន្ទឹមនឹងនេះ គ្រួសារនេះធ្លាប់យកលាមកឆ្កែ ទៅដាក់ក្នុងបណ្ដាញលូនៅមុខផ្ទះ ដែលធ្វើឱ្យជះក្លិនអាក្រក់ទៅអ្នកជិតខាង។ យ៉ាងណាគេមិនដឹងច្បាស់ថា តើអាជ្ញាធរមានគម្រោងផ្លាស់ទីឆ្កែទៅទីជម្រកសាធារណៈ ឬអត់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia