កូរ៉េខាងជើងបានបង្ហោះមីស៊ីលផ្លោងចំនួន ២គ្រាប់ នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ
- BY
- autoadmin
- March 27, 2023
ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ នៅព្រឹកថ្ងៃចន្ទ ហើយវាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេស។ ក្រុមមន្ត្រីបាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើងឆ្ពោះទៅភាគឦសាន។ ក្រសួងបានប៉ាន់ប្រមាណថា មីស៊ីលបានឈានដល់កម្ពស់ប្រហែល ៥០ គីឡូម៉ែត្រ និងហោះបានប្រហែល ៣៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចុះក្នុងទឹកនៅខាងក្រៅតំបន់ EEZ របស់ប្រទេសជប៉ុន។

ក្រុមមន្ត្រីបាននិយាយថា មីស៊ីលទាំង ២ នេះប្រហែលជាមានគន្លងមិនទៀងទាត់ ខណៈមិនទាន់មានរបាយការណ៍អំពីការខូចខាតនោះទេ។ នេះជាលើកដំបូងចាប់តាំងពីថ្ងៃទី១៩ ខែមីនា ហើយជាលើកទី០៨ ក្នុងឆ្នាំនេះ ដែលកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលអាចជាមីស៊ីលផ្លោង។ វាក៏ជាលើកទី១១ ក្នុងឆ្នាំនេះ ដែលកូរ៉េខាងជើងបានបាញ់មីស៊ីល ប្រសិនបើរាប់ទាំងការបាញ់មីស៊ីលឆ្លងទ្វីប ដែលបញ្ជាក់ដោយក្រុងព្យុងយ៉ាង និងយោធាកូរ៉េខាងត្បូង។ ឥឡូវនេះក្រសួងការពារជាតិជប៉ុនកំពុងប្រមូលព័ត៌មាន និងតាមដានស្ថានការណ៍៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






