អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ី​គ្រោង​ដាក់​ទីតាំង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​ប្រទេសបេឡារុស្ស

BY
autoadmin
March 27, 2023

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីនឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ដែលជាការព្រមានមួយទៅកាន់អង្គការណាតូ ជុំវិញការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន និងបង្កើនការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច។ ថ្វីបើវិធានការនេះ មិនបំពានលើកិច្ចព្រមព្រៀងមិនរីកសាយភាយនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែវាគឺជាសញ្ញានុយក្លេអ៊ែរមួយ ក្នុងចំណោមសញ្ញាដែលបង្ហាញពីភាពច្បាស់លាស់បំផុតរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយអ៊ុយក្រែនកាលពី១៣ ខែមុន។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋ Russia 1 ថាទីក្រុងម៉ូស្គូនឹងបញ្ចប់ការសាងសង់កន្លែងផ្ទុកពិសេសសម្រាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្សនៅដើមខែកក្កដា។ លោកបាននិយាយថា ទីក្រុងម៉ូស្គូបានផ្ទេរប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Iskander ដែលជាឧបករណ៍អាចបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតាទៅប្រទេសបេឡារុស្សរួចហើយ។ ក្នុងអំឡុងកិច្ចសម្ភាសន៍ លោកពូទីនបាននិយាយថា រុស្ស៊ីបានជួយប្រទេសបេឡារុស្ស ក្នុងការបំប្លែងយន្តហោះចំនួន ១០គ្រឿង ដើម្បីឱ្យពួកគេអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយនឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះ ឱ្យហោះហើរយន្តហោះដែលបានកំណត់រចនាសម្ព័ន្ធឡើងវិញនៅដើមខែក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: