អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា៖ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគារនៅពេលត្រឡប់ទៅប្រទេសថៃវិញ
- BY
- autoadmin
- March 27, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគារនៅប្រទេសថៃ ប្រសិនបើលោកអាចចំណាយពេលវេលាដែលសេសសល់ជាមួយគ្រួសារ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោត ដែលនឹងមកដល់នាពេលឆាប់ៗនេះឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Kyodo លោក ថាក់ស៊ីន បាននិយាយថា លោកកំពុងថ្លឹងថ្លែងពេលវេលា មុនពេលអាចត្រឡប់ទៅប្រទេសថៃវិញនៅឆ្នាំនេះ បន្ទាប់ពីរស់នៅនិរទេសខ្លួនជាច្រើនឆ្នាំនៅបរទេស។

រំលឹកផងដែរថា លោក ថាក់ស៊ីន ត្រូវបានរដ្ឋប្រហារយោធាទម្លាក់ នៅក្នុងឆ្នាំ២០០៦ ហើយលោកបានចាកចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨ មុនពេលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីទំនាស់ផលប្រយោជន៍ (conflict of interest)។
ដោយសំដៅលើពេលវេលាដែលគាត់នៅឆ្ងាយពីប្រទេសកំណើត លោក ថាក់ស៊ីន ដែលឥឡូវមានអាយុ ៧៣ឆ្នាំ បាននិយាយថា៖ «ឥឡូវនេះខ្ញុំបានជាប់គុក ១៦ ឆ្នាំរួចហើយ នៅក្នុងគុកដ៏ធំមួយដែលរារាំងខ្ញុំមិនឱ្យនៅជាមួយគ្រួសារ។ ខ្ញុំបានរងទុក្ខគ្រប់គ្រាន់ហើយ។ ប្រសិនបើខ្ញុំត្រូវរងទុក្ខម្តងទៀតនៅក្នុងគុកតូចជាងនេះ វាមិនអីទេ»។ លោកបានបន្ថែមថា៖«ខ្ញុំមិនចាំបាច់ត្រូវទទួលទោសនោះទេ ប៉ុន្តែខ្ញុំនឹងទទួល ព្រោះខ្ញុំចង់នៅជាមួយចៅៗ។ ខ្ញុំគួរតែចំណាយពេលពេញមួយជីវិតរបស់ខ្ញុំជាមួយកូនៗ និងចៅរបស់ខ្ញុំ»។ លោកបានបន្ដទៀតថា លោកក៏នឹងមិនសុំឱ្យមានការលើកលែងទោសពីសភា បើទោះបីជាគណបក្សភឿថៃ ដែលកូនស្រីរបស់គាត់កំពុងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅទីនោះ ឈ្នះការបោះឆ្នោតក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






