ណាតូបានថ្កោលទោសរុស្ស៊ីក្នុងការដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស
- BY
- autoadmin
- March 27, 2023
អង្គការណាតូបានថ្កោលទោសប្រទេសរុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។ ណាតូកំពុងតាមដានយ៉ាងជិតដិតចំពោះស្ថានការណ៍នេះ ហើយបាននិយាយថា វិធានការនេះនឹងមិននាំឱ្យវាផ្លាស់ប្តូរយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួនឡើយ។ ប៉ុន្តែអាមេរិកបាននិយាយថា ខ្លួនមិនជឿថារុស្ស៊ីកំពុងរៀបចំប្រើអាវុធនុយក្លេអ៊ែរនោះទេ។ ជម្រាបផងដែរថា បេឡារុស្ស មានព្រំដែនវែងជាមួយអ៊ុយក្រែន ក៏ដូចជាជាមួយសមាជិកណាតូ ប៉ូឡូញ លីទុយអានី និងឡាតវៀ។

ប្រទេសអ៊ុយក្រែនបានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលអាចកើតមាន ក្រោយការប្រកាសរបស់ប្រធានាធិបតីលោក ពូទីន កាលពីថ្ងៃសៅរ៍។
យ៉ាងណា ប្រធានាធិបតីលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងមិនផ្ទេរការគ្រប់គ្រងអាវុធរបស់ខ្លួនទៅទីក្រុង Minsk នោះទេ ហើយថាមេដឹកនាំបេឡារុស្ស Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់វិមានក្រឹមឡាំង និងជាអ្នកគាំទ្រការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន បានលើកឡើងពីបញ្ហានេះជាមួយគាត់ជាយូរមកហើយ។ អ៊ុយក្រែននិយាយថា ទង្វើនេះរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយភាយនុយក្លេអ៊ែរ ខណៈប្រធានាធិបតីលោក ពូទីន បានបដិសេធ និងជំនួសមកវិញដោយការប្រៀបធៀបវាទៅនឹងអាមេរិកដែលដាក់អាវុធនៅអឺរ៉ុប៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






