WHO បានណែនាំឱ្យក្រុមមនុស្សមានហានិភ័យខ្ពស់ ត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬដូសជំរុញជាប្រចាំ
- BY
- autoadmin
- March 29, 2023
អង្គការសុខភាពពិភពលោកបានធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយណែនាំមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ត្រូវតែទទួលការចាក់ថ្នាំបង្ការជាប្រចាំ។ ក្រុមទីប្រឹក្សារបស់ WHO បានចេញផ្សាយផែនទីបង្ហាញផ្លូវដែលបានកែសម្រួលសម្រាប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 កាលពីថ្ងៃអង្គារ ហើយពួកគេបាននិយាយថា ការកែប្រែនេះត្រូវបានធ្វើឡើងបន្ទាប់ពីបានពិចារណាលើភាពស៊ាំដែលកើតមានបន្ទាប់ពីការចាក់វ៉ាក់សាំង ឬការឆ្លងមេរោគ។ គោលការណ៍ណែនាំដែលបានកែសម្រួលរួមមាន ៣ កម្រិត គឺខ្ពស់ មធ្យម និងទាប។

ក្រុមអាទិភាពខ្ពស់រួមមាន៖ បុគ្គលិកសុខាភិបាលជួរមុខ មនុស្សចាស់ អ្នកដែលមានជំងឺជាមូលដ្ឋាន ដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង អ្នកដែលមានប្រព័ន្ធការពារខ្សោយ និងស្ត្រីមានផ្ទៃពោះ។ អ្នកជំនាញបានណែនាំថា មនុស្សនៅក្នុងក្រុមនេះគួរតែទទួលដូសជំរុញទាំង ៦ ឬ ១២ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងចុងក្រោយ។
ក្រុមអាទិភាពមធ្យមរួមមាន៖ មនុស្សពេញវ័យដែលមានសុខភាពល្អក្រោមអាយុ ៦០ឆ្នាំ ក៏ដូចជាកុមារ និងមនុស្សវ័យក្មេងដែលមានជំងឺនៅត្រាំត្រែង។ បុគ្គលនៅក្នុងក្រុមនេះ ត្រូវបានគេណែនាំឱ្យទទួលយកត្រឹមតែឈុតដំបូងនៃដូសជំរុញប៉ុណ្ណោះ។ ប៉ុន្តែអ្នកជំនាញក៏បានបញ្ជាក់ដែរថា ដូសជំរុញបន្ថែមគឺមានសុវត្ថិភាពជាធម្មតា គ្រាន់តែអត្ថប្រយោជន៍សុខភាពសាធារណៈពីការទទួលដូសជំរុញដែលមិនចាំបាច់គឺមានតិចតួច។
ក្រុមអាទិភាពទាបមានដូចជា៖ កុមារ និងក្មេងជំទង់ដែលមានសុខភាពល្អ។ អ្នកជំនាញនិយាយថា ពួកគេនឹងទុកការសម្រេចចិត្តអំពីការចាក់វ៉ាក់សាំងក្រុមនេះ ទៅឱ្យប្រទេសរបស់ពួកគេនីមួយៗ។ អត្ថប្រយោជន៍សុខភាពសាធារណៈដែលទទួលបានដោយការចាក់វ៉ាក់សាំងក្រុមនេះ «គឺទាបបំផុត» បើធៀបនឹងអត្ថប្រយោជន៍ដែលទទួលបានដោយការចាក់វ៉ាក់សាំងកុមារប្រឆាំងនឹងជំងឺកញ្ជ្រឹល និងជំងឺផ្សេងៗទៀត។ ក្រុមទីប្រឹក្សានិយាយថា ប្រទេសនានាមិនគួរសម្របសម្រួលលើការផ្តល់វ៉ាក់សាំងជាប្រចាំ សម្រាប់ក្រុម «អាទិភាពខ្ពស់» នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ WHO
- Share This Post:






