Apple បើកដំណើរការសេវាកម្មបង់ប្រាក់តាមក្រោយ សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក
- BY
- autoadmin
- March 29, 2023
Apple កាលពីថ្ងៃអង្គារ បានបើកដំណើរការសេវាកម្ម ទិញពេលនេះ-បង់ប្រាក់ពេលក្រោយ (BNPL) នៅសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចបង់ប្រាក់សម្រាប់ការទិញតាមក្រោយបាន។ ក្រុមហ៊ុនបាននិយាយថា សេវាកម្ម Apple Pay Later នឹងអនុញ្ញាតឱ្យអតិថិជនបែងចែកការទិញជា ៤ចំណែក ក្នុងរយៈពេល ៦សប្តាហ៍ ដោយមិនមានការប្រាក់ ឬថ្លៃសេវាឡើយ។ អ្នកប្រើប្រាស់ក៏អាចស្នើសុំប្រាក់កម្ចីពី ៥០ ទៅ ១,០០០ ដុល្លារ សម្រាប់ការទិញតាមអ៊ីនធឺណិត និងក្នុងកម្មវិធីតាមរយៈ iPhone និង iPad ជាមួយពាណិជ្ជករដែលទទួល Apple Pay ដែលសព្វថ្ងៃអ្នកលក់រាយនៅសហរដ្ឋអាមេរិកប្រមាណ ៨៥% បានទទួលយកកម្មវិធីទូទាត់នេះ។

ក្រុមហ៊ុនបាននិយាយថា Apple Pay Later អាចបើកតាមរយៈកម្មវិធី Mastercard Installments ហើយធនាគារវិនិយោគ Goldman Sachs គឺជាអ្នកចេញលិខិតបញ្ជាក់ការបង់ប្រាក់ Mastercard។ ក្រុមហ៊ុននឹងចាប់ផ្តើមអញ្ជើញអ្នកប្រើប្រាស់មួយចំនួនឱ្យចូលប្រើគំរូកម្មវិធី មុនការចេញផ្សាយផ្លូវការរបស់ Apple Pay Later ហើយគ្រោងនឹងផ្តល់ជូនសេវានេះ ទៅឱ្យអ្នកប្រើប្រាស់ដែលមានសិទ្ធិទាំងអស់នៅក្នុងប៉ុន្មានខែខាងមុខ។ គំរូ BNPL បានលេចឡើងក្នុងគ្រាដែលអត្រាការប្រាក់គឺទាបបំផុត ប៉ុន្តែការរំពឹងទុកនៃការកើនឡើងជានិរន្តរភាពចំពោះអត្រាការប្រាក់ បានធ្វើឱ្យមានការព្រួយបារម្ភសម្រាប់វិស័យនេះផងដែរ។ ជម្រាបដែរថា Apple បានប្រកាសពីសេវាបង់ប្រាក់តាមក្រោយ កាលពីខែមិថុនាឆ្នាំមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






