លោក ហ៊្សែលឡិនស្គី បានអញ្ជើញប្រធានាធិបតីចិនលោក ស៊ី ជីនពីង ឱ្យមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
- BY
- autoadmin
- March 29, 2023
សារព័ត៌មាន Associated Press នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី បានអញ្ជើញប្រធានាធិបតីចិនលោក ស៊ី ជីនពីង ឱ្យមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដោយលោកនិយាយថា៖«យើងត្រៀមខ្លួនជាស្រេច ដើម្បីជួបគាត់នៅទីនេះ»។ ជម្រាបផងដែរថា លោក ស៊ី មិនដែលបាននិយាយជាមួយលោក ហ៊្សែលឡិនស្គី នោះទេ ចាប់តាំងពីរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ប៉ុន្តែប្រទេសចិនបានចេញផ្សាយផែនការ ១២ ចំណុច សម្រាប់ដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែនកាលពីខែមុននេះ។

លោក ស៊ី បានពិភាក្សាអំពីជម្លោះជាមួយមិត្តសម្លាញ់របស់គាត់ គឺប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខណៈពេលដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូកាលពីសប្តាហ៍មុន បើទោះបីជាកិច្ចពិភាក្សាមិនបានបង្ហាញពីវឌ្ឍនភាពលើរបៀបបញ្ចប់សង្រ្គាមក៏ដោយ។ សំណើរបស់ចិនរួមមាន ការអំពាវនាវឱ្យមានការបន្ធូរបន្ថយ និងបទឈប់បាញ់ជាយថាហេតុនៅអ៊ុយក្រែន។
ប៉ុន្តែអាមេរិកបានច្រានចោលសំណើនេះ ដោយនិយាយថា ចិនបានបដិសេធមិនថ្កោលទោសរុស្ស៊ីជុំវិញការឈ្លានពាននោះឡើយ។ សហរដ្ឋអាមេរិកនិយាយថា បទឈប់បាញ់នៅពេលនេះអាចឱ្យរុស្ស៊ីទទួលបានផលចំណេញ ហើយផ្តល់ពេលវេលាបន្ថែមទៀតដល់កងទ័ពរបស់លោក ពូទីន ដើម្បីរៀបចំក្រុមឡើងវិញ។ អ៊ុយក្រែនស្វាគមន៍ចំពោះការចូលរួមការទូតរបស់ចិន ប៉ុន្តែលោក ហ៊្សែលឡិនស្គី បាននិយាយថា លោកនឹងពិចារណាដំណោះស្រាយសន្តិភាព លុះត្រាតែទាហានរុស្ស៊ីចាកចេញពីទឹកដីអ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






