FIFA បានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup អាយុក្រោម ២០ឆ្នាំ របស់ឥណ្ឌូនេស៊ី ដោយសារប្រទេសនេះមិនព្រមទទួលអ៊ីស្រាអែលឱ្យចូលរួមប្រកួត
- BY
- autoadmin
- March 30, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា FIFA បានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីមានការរំសាយការចាប់ឆ្នោតចែកពូល ដែលគ្រោងនឹងធ្វើឡើងនៅកោះបាលីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ សមាគមបាល់ទាត់នៃប្រទេសឥណ្ឌូនេស៊ី (PSSI) បាននិយាយថា FIFA ត្រូវបានបង្ខំឱ្យលុបចោលការចាប់ឆ្នោតមួយនោះ បន្ទាប់ពីអភិបាលខេត្តបាលី លោក Wayan Koster បានបដិសេធមិនទទួលក្រុមមកពីអ៊ីស្រាអែលឱ្យចូលរួមនោះទេ។

ឥណ្ឌូណេស៊ីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៊ីស្រាអែលនោះទេ ហើយថ្មីៗនេះ ក្រុមអ្នកតវ៉ាដែលគាំទ្រប៉ាឡេស្ទីនបានធ្វើការប្រមូលផ្ដុំគ្នា ដើម្បីទាមទារឱ្យអ៊ីស្រាអែលដកខ្លួនចេញពីការប្រកួតនេះ។ ឥណ្ឌូណេស៊ីបានទទួលសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៩ ប៉ុន្តែពេលនោះអ៊ីស្រាអែលនៅមិនទាន់មានសិទ្ធិប្រកួតនៅឡើយ។ ជម្រាបដែរថា ការប្រកួតបាល់ទាត់ពិភពលោក U20 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ហើយក្រុមជម្រើសជាតិអង់គ្លេស U20 ក៏នឹងមកចូលរួមផងដែរ។
សេចក្តីថ្លែងការណ៍របស់ FIFA បាននិយាយថា៖«Fifa បានសម្រេចចិត្តដោយសារតែកាលៈទេសៈបច្ចុប្បន្ន ដើម្បីដកឥណ្ឌូនេស៊ីពីការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA U20 World Cup 2023»។ FIFA បានបន្ដថា៖«ម្ចាស់ផ្ទះថ្មីនឹងត្រូវបានប្រកាសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយនឹងកាលបរិច្ឆេទនៃការប្រកួតនៅដដែល។ ការដាក់ទណ្ឌកម្មដែលមានសក្តានុពលប្រឆាំងនឹង PSSI ក៏អាចត្រូវបានសម្រេចនៅដំណាក់កាលក្រោយផងដែរ។ យ៉ាងណាក៏ដោយ នៅកន្លះម៉ោងមុនពេលការប្រកាសរបស់ FIFA សមាជិកគណៈកម្មាធិការប្រតិបត្តិ PSSI លោក Arya Sinulingga បាននិយាយថា គាត់មានទុទិដ្ឋិនិយមខ្ពស់ថាឥណ្ឌូនេស៊ីនឹងអាចរក្សាសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះបាន៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






