ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានចុះចេញពីតំណែង ក្រោយមិនបានអញ្ជើញក្រុម BLACKPINK ទៅសម្ដែងនៅសេតវិមានតាមសំណើអាមេរិក
- BY
- autoadmin
- March 30, 2023
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Kim Sung-han បានប្រកាសលាលែងពីតំណែង បន្ទាប់ពីគាត់បានប្រព្រឹត្ដកំហុសដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក Yoon Suk Yeol សម្រាប់កិច្ចប្រជុំកំពូលកូរ៉េ-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែមេសាឆាប់ៗនេះ នេះបើតាមការចុះផ្សាយរបស់ TV Chosun។

យោងតាមរបាយការណ៍បានឱ្យដឹងថា លោកជំទាវទី១ របស់អាមេរិក Jill Biden បានស្នើឱ្យក្រុមនារី BLACKPINK និងតារាចម្រៀង Lady Gaga មកធ្វើការសម្តែងតំណាងឱ្យប្រទេសទាំង២ ក្នុងជំនួបអាហារពេលល្ងាចថ្នាក់រដ្ឋនៅសេតវិមាន។ ប៉ុន្តែដោយមិនទទួលបានការឆ្លើយតបពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ភាគីខាងរដ្ឋាភិបាលអាមេរិក បានទាមទារឱ្យមានការពន្យល់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង។
ប្រភពបានឱ្យដឹងថា មានរបាយការណ៍យ៉ាងហោចណាស់ ៦ ដែលពាក់ព័ន្ធនឹងការស្នើរបស់លោកជំទាវ Jill Biden ត្រូវបានលោកទីប្រឹក្សាសន្តិសុខជាតិ Kim Sung-han ទុកវាចោលគិតត្រឹមខែមីនា។ ចំណែកលោក Yoon Suk Yeol ត្រូវបានគេនិយាយថា មានការខឹងសម្បារចំពោះរឿងនេះខ្លាំងណាស់ ដោយសារវាអាចប៉ះពាល់ដល់ទំនាក់ទំនងការទូត និងទំនុកចិត្តរវាងប្រទេសទាំង ២៕


អត្ថបទ៖ លីដា
ប្រភព៖ TV Chosun
- Share This Post:






