អង្គការណាតូបានហាមឃាត់បុគ្គលិករបស់ខ្លួនជាផ្លូវការ ពីការទាញយកកម្មវិធី TikTok មកប្រើប្រាស់
- BY
- autoadmin
- April 3, 2023
អង្គការណាតូបានហាមឃាត់បុគ្គលិកជាផ្លូវការពីការទាញយកកម្មវិធី TikTok មកប្រើប្រាស់លើឧបករណ៍ដែលផ្តល់ដោយណាតូផ្ទាល់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព នេះបើយោងតាមពួកមន្ត្រីដែលដឹងពីបញ្ហានេះ។ ក្រុមមន្ត្រីបាននិយាយថា ណាតូបានផ្ញើការណែនាំទៅបុគ្គលិកនៅព្រឹកថ្ងៃសុក្រ ដើម្បីប្រកាសពីការហាមឃាត់នេះ។ វាបានណែនាំឱ្យមានការហាមឃាត់ជាផ្លូវការ ប៉ុន្តែការពិតទៅឧបករណ៍ដែលផ្ដល់ដោយណាតូ មិនងាយអាចប្រើ TikTok រួចស្រេចទៅហើយ ដោយសារតែការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា។

មន្ត្រីជាន់ខ្ពស់ណាតូម្នាក់បានប្រាប់ CNN ថា៖«សន្តិសុខតាមអ៊ីនធឺណិតគឺជាអាទិភាពកំពូលសម្រាប់អង្គការណាតូ។ ណាតូមានតម្រូវការដ៏រឹងមាំសម្រាប់កំណត់កម្មវិធីសម្រាប់ការប្រើប្រាស់ផ្លូវការ។ TikTok មិនអាចប្រើបាននៅលើឧបករណ៍ណាតូទេ»។
អង្គការណាតូ គឺជាស្ថាប័នរដ្ឋាភិបាលចុងក្រោយគេក្នុងការហាមឃាត់កម្មវិធីនេះ ជុំវិញការព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok តាមរយៈក្រុមហ៊ុនមេ Bytedance។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវែស សភាអ៊ឺរ៉ុប និងប្រទេសផ្សេងទៀត បានហាមឃាត់កម្មវិធីនេះរួចហើយ ពីឧបករណ៍ដែលចេញដោយរដ្ឋាភិបាល៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






