អន្តរជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឲ្យបងប្អូនខ្មែរប្រុងប្រយ័ត្នពីខ្យល់កខ្វក់ ដែលកំពុងតែបំពុលនៅប្រទេសថៃ
BY Khmernote Media
February 1, 2019
ភ្នំពេញ៖ បន្ទាប់ពីរងការបំពុលដោយសារតែខ្យល់កខ្វក់នៅក្នុងប្រទេសថៃអស់មួយរយៈមក កាលពីពេលថ្មីៗនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព មិនគួរធ្វើដំណើរចេញទៅក្រៅឡើយបើមិនចាំបាច់ តែបើត្រូវចេញក្រៅត្រូវតែពាក់ម៉ាសការពារប្រភេទ N95។
គួរបញ្ជាក់ផងដែរថា ខ្យល់កខ្វក់ PM2.5 បានគ្រប់ដំណប់ទីក្រុងបាងកក និងខេត្តជាច្រើននៅក្នុងប្រទេសថៃ ដោយខ្យល់កខ្វក់ PM2.5 នោះជាភាគល្អិតនៃធូលីមានទំហំតូចជាង ២.៥មីក្រូម៉ែត្រ ហើយវាត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់បំផុត ដោយសារតែទំហំដ៏តូចរបស់វាអាចចូលជ្រៅទៅក្នុងសួត និងប៉ះពាល់សរីរាង្គផ្សេងទៀត។
ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន៕
អត្ថបទ៖ សេម