អន្តរជាតិ

អង្គការឃ្លាំមើលទិន្នន័យរបស់ចក្រភពអង់គ្លេស បានពិន័យ TikTok ប្រមាណ ១៦លានដុល្លារ ចំពោះការបំពានទិន្នន័យរបស់កុមារ

BY
autoadmin
April 5, 2023

អង្គការឃ្លាំមើលទិន្នន័យរបស់ចក្រភពអង់គ្លេស (ICO) បានពិន័យកម្មវិធីចែករំលែកវីដេអូចិន TikTok ប្រហែល ១៦ លានដុល្លារ សម្រាប់ការបំពានច្បាប់ការពារទិន្នន័យ រួមទាំងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់កុមារអាយុក្រោម ១៣ឆ្នាំ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ។ ការិយាល័យស្នងការព័ត៌មានដែលបានប្រកាសការសម្រេចចិត្តកាលពីថ្ងៃអង្គារ បាននិយាយថា TikTok បានបរាជ័យក្នុងការទទួលបានការយល់ព្រមបែបនេះ អស់រយៈពេលប្រហែល ២ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៨។

ICO ប៉ាន់ប្រមាណថា TikTok បានអនុញ្ញាតឱ្យកុមារអាយុក្រោម ១៣ឆ្នាំ រហូតដល់ ១.៤ លាននាក់ ប្រើប្រាស់វេទិការបស់ខ្លួននៅឆ្នាំ២០២០ ទោះបីជាច្បាប់របស់ខ្លួនមិនអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៣ឆ្នាំ បង្កើតគណនីបានក៏ដោយ។

អ្នកនាំពាក្យ TikTok បាននិយាយថា ក្រុមហ៊ុនមិនយល់ស្របនឹងការសម្រេចចិត្តរបស់ ICO នោះទេ ដោយកត់សម្គាល់ថា ខ្លួនព្យាយាមយ៉ាងខ្លាំងដើម្បីរក្សាកុមារអាយុក្រោម ១៣ឆ្នាំ ចេញពីវេទិកា ហើយក្រុមសុវត្ថិភាពរបស់ខ្លួន ដែលមានកម្លាំង ៤០,០០០ នាក់ បានធ្វើការគ្រប់ពេលវេលា ដើម្បីរក្សាសុវត្ថិភាពសម្រាប់សហគមន៍ TikTok។ អ្នកនាំពាក្យបាននិយាយថា TikTok នឹងបន្តពិនិត្យមើលការសម្រេចចិត្តនេះ ហើយកំពុងពិចារណាលើជំហានបន្ទាប់របស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: