ជប៉ុនសន្យានឹងបន្តគាំទ្រដល់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទ្វេភាគីកាលពីម្សិលមិញ
- BY
- autoadmin
- April 5, 2023
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa បានសន្យាជាមួយសមភាគីអ៊ុយក្រែនថា ប្រទេសរបស់គាត់នឹងបន្តគាំទ្រអ៊ុយក្រែន ដែលកំពុងប្រឈមនឹងការឈ្លានពានពីកងកម្លាំងរុស្ស៊ី។ លោក Hayashi និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បានជួបប្រជុំគ្នាក្នុងប្រទេសបែលហ្សិកកាលពីថ្ងៃអង្គារ ហើយភាគីជប៉ុនបាននិយាយថា ក្រុមប្រទេស G7 បាននិងកំពុងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសរុស្ស៊ី និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះអ៊ុយក្រែន។

លោក Hayashi Yoshimasa បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio កាលពីខែមុន បានបង្ហាញពីការតាំងចិត្តរបស់ក្រុម G7 ក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ។
លោក Hayashi ក៏បានប្តេជ្ញាបន្តយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្តល់ជំនួយដែលមានតម្លៃ ៧.៦ ពាន់លានដុល្លារ ដែលជប៉ុនបានសន្យា។ វារួមបញ្ចូលទាំងប្រាក់ ដើម្បីជួយអ៊ុយក្រែនទទួលបានឧបករណ៍ដែលមិនមានគ្រោះថ្នាក់ តាមរយៈមូលនិធិទុកចិត្តរបស់ណាតូ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយនោះ ហើយក៏បានយល់ព្រមជាមួយលោក Hayashi ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






