អន្តរជាតិ

ពីរខែចាប់តាំងពីគ្រោះរញ្ជួយដីដ៏ធំនៅ​តួកគី ខណៈមនុស្សប្រមាណ ២.៥ លាននាក់ កំពុងរស់នៅក្នុងតង់នៅឡើយ

BY
autoadmin
April 6, 2023

គិតត្រឹមថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​រយៈពេល ២ ខែមកហើយ ​ចាប់​តាំង​ពី​ការ​រញ្ជួយ​ដី​ដ៏​ធំ​ បាន​វាយ​ប្រហារ​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី។ ការ​សាងសង់​លំនៅឋាន​សាធារណៈ​កំពុងចាប់​ដំណើរការ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ផ្ទះសម្បែង ស្រពេលដែលពលរដ្ឋប្រហែល ២.៥ លាននាក់ នៅតែរស់នៅក្នុងតង់នៅឡើយ។ រំលឹកផងដែរថា ការរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ បានសម្លាប់មនុស្សជាង ៥០,០០០ នាក់ នៅក្នុងប្រទេសតួកគី និងប្រមាណ ៦,០០០ នាក់ នៅក្នុងប្រទេសស៊ីរី។

អគារជាង ៥០,០០០ ខ្នង នៅប្រទេស​តួកគីត្រូវបានបំផ្លាញទាំងស្រុង ឬនឹងត្រូវកម្ទេចចោល ដោយសារការខូចខាតពីការរញ្ជួយដី ហើយមានពលរដ្ឋតែ ៧០,០០០ នាក់ប៉ុណ្ណោះ ដែលបានរស់នៅក្នុងកុងតឺន័រចល័ត ដែលគេបំលែងទៅជាលំនៅដ្ឋានបណ្តោះអាសន្ន។ រដ្ឋាភិបាល​បាននិយាយថា ខ្លួនគ្រោងនឹងបញ្ចប់ការសាងសង់លំនៅឋានសាធារណៈ សម្រាប់ពលរដ្ឋប្រហែល ៣២០,០០០ គ្រួសារ ក្នុងរយៈពេលមួយឆ្នាំទៀត។

ការងារដើម្បីយកកម្ទេចថ្មកំពុងបន្តនៅខេត្ត Hatay ភាគខាងត្បូង ដែលជាតំបន់មួយក្នុងចំនោមតំបន់រងគ្រោះខ្លាំងបំផុត។ ចំណែកទីក្រុង Iskenderun នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ គ្រឿងចក្រធុនធ្ងន់ត្រូវបានគេជួល ដើម្បីរុះរើអគារ។ តំបន់ដែលរងផលប៉ះពាល់ឥឡូវនេះ កំពុងប្រឈមមុខនឹងបញ្ហាគ្មានជម្រកសម្រាប់អ្នករស់រានមានជីវិត ការរុះរើកម្ទេចកម្ទី និងការស្តារទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: