អន្តរជាតិ

​កូន​ស្រីអតីត​នាយក​រដ្ឋមន្ត្រីថៃ​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានឈរឈ្មោះជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ដ្រីថៃ

BY
autoadmin
April 7, 2023

គណបក្សភឿថៃបានដាក់លោកស្រី Paetongtarn Shinawatra ដែលជា​កូន​ស្រី​​អតីត​នាយក​រដ្ឋមន្ត្រីថៃ​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យឈរឈ្មោះជាបេក្ខភាពមួយរូប សម្រាប់តំណែងជានាយករដ្ឋមន្ដ្រីថៃ។ គណបក្ស​នេះ​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​ធំ​មួយ​កាល​ពី​ថ្ងៃ​ពុធ ​នៅ​ជិត​ទីក្រុង​បាងកក ខណៈកំពុងនាំមុខការប្រកួតប្រជែងជាមួយនឹងសំឡេង ៥០% ពីអ្នកបោះឆ្នោត នេះបើយោងទៅតាមការស្ទង់មតិចុងក្រោយ។ លោកស្រី Paetongtarn បាន​និយាយ​ថា គណបក្ស​របស់​គាត់នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី «យក​លទ្ធិប្រជាធិបតេយ្យ​មក​វិញ» ហើយវា​គឺ​ជា​ការ​យក​មក​វិញ​នូវ​ជីវភាព​រស់​នៅ​ដ៏​ល្អ និង​ភាព​ចម្រុង​ចម្រើន​ ដែល​បាន​បាត់​បង់​កាល​ពី​អតីតកាល។

លោកស្រី Paetongtarn បាននិយាយ​ថា គាត់​ត្រូវ​ការ​ឈ្នះ​ដោយមាន​សំឡេងភាគច្រើន ហើយគណបក្ស​របស់​លោកស្រី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ទទួល​បាន​អាសនៈ​ភាគច្រើននៅក្នុងសភា។ ចំណែកនាយក​រដ្ឋមន្ត្រី​​កំពុង​កាន់​អំណាច​លោក ប្រាយុទ្ធ ចាន់អូចា បាន​ឈរឈ្មោះជាបេក្ខភាព ​​ជាមួយគណបក្សរួបរួមជាតិថៃ (United Thai Nation)។ ការ​ស្ទង់​មតិ​ចុង​ក្រោយ​បាន​ធ្វើឱ្យ​គណបក្ស​​លោក ប្រាយុទ្ធ ឈរ​នៅ​លេខ៣ ​ក្នុង​ការ​ប្រកួត​ប្រជែង ពោល​គឺ​មានសំឡេងប្រហែល ១២%។ រំលឹកដែរថា លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ២០១៤ ហើយ​បាន​តាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន។ ក្រោយមកគាត់បានក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីឈ្នះការបោះឆ្នោតឆ្នាំ២០១៩៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: