ឥណ្ឌានឹងវ៉ាដាច់ចិនក្នុងខែនេះ ក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក
- BY
- autoadmin
- April 10, 2023
ឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រជាជនសរុបជាង ១.៤ ពាន់លាននាក់ នៅចុងខែមេសា នេះបើយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ។ កាលពីឆ្នាំ២០១១ ឥណ្ឌាមានប្រជាជនសរុបចំនួន ១.២១ ពាន់លាននាក់ ដែលមានន័យថា ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ប្រជាជននៅប្រទេសឥណ្ឌាបានកើនឡើងជាង ២១០ លាននាក់។ សន្ទុះនៃចំនួនប្រជាជនកំពុងក្លាយជាបញ្ហាប្រឈមយ៉ាងសំខាន់ ដោយសារកម្លាំងពលកម្ម និងចំនួនមនុស្សវ័យក្មេងដ៏ច្រើននៅឆ្នាំខាងមុខ ដែលនឹងរុញច្រានឱ្យមានការចំណាកស្រុកទៅកាន់ទីក្រុង និងរដ្ឋផ្សេងទៀត។

ចំណែកឯចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៨៥០,០០០ នៅត្រឹម ១.៤១ ពាន់លាននាក់ នៅចុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីគ្រោះទុរភិក្សដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងឆ្នាំ១៩៦១។ អត្រាកំណើតកាលពីឆ្នាំមុនគឺ ៦.៧៧ ក្នុងចំណោមមនុស្ស ១,០០០ នាក់ ដែលធ្លាក់ចុះពីអត្រាកំណើត ៧.៥២ ក្នុងឆ្នាំ២០២១ និងជាអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រារបស់ចិន។ ប្រទេសចិនក៏បានកត់ត្រាអត្រាការស្លាប់ខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៧៤ ដោយបានចុះបញ្ជីការស្លាប់ចំនួន ៧.៣៧ នាក់ក្នុងចំណោមមនុស្ស ១,០០០ នាក់ បើធៀបនឹងអត្រាមរណភាព ៧.១៨ ក្នុងឆ្នាំ២០២១។
នៅក្នុងរយៈពេលវែង អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានមើលឃើញថា ចំនួនប្រជាជនរបស់ប្រទេសចិននឹងធ្លាក់ចុះចំនួន ១០៩ លាននាក់ នៅឆ្នាំ២០៥០ ដែលច្រើនជាងការធ្លាក់ចុះ ៣ដង ច្រើនជាងការព្យាករណ៍ពីមុនរបស់ពួកគេក្នុងឆ្នាំ២០១៩។ នោះហើយជាមូលហេតុដែលធ្វើឱ្យអ្នកតាមដានប្រជាសាស្រ្តក្នុងស្រុកមានការសោកស្ដាយថា ប្រទេសចិននឹងក្លាយជាប្រទេសពោរពេញដោយមនុស្សចំណាស់ មុននឹងក្លាយជាអ្នកមាន ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះដោយសារប្រាក់ចំណូលធ្លាក់ចុះ និងកត្តាផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






