ជប៉ុនបញ្ជូនអ្នកស៊ើបអង្កេតរបស់ខ្លួនមកកាន់កម្ពុជា ដើម្បីបញ្ជូនខ្លួនជនជាតិជប៉ុនចំនួន ១៩នាក់ ដែលប្រតិបត្តិការឆបោកតាមទូរស័ព្ទ
- BY
- autoadmin
- April 10, 2023
ប៉ូលីសក្រុងតូក្យូបានបញ្ជូនអ្នកស៊ើបអង្កេតរបស់ខ្លួនមកកាន់កម្ពុជា ដើម្បីផ្ទេរ និងចាប់ខ្លួនជនជាតិជប៉ុនចំនួន ១៩នាក់ ដែលត្រូវបានសង្ស័យថា បានធ្វើការឆបោកតាមទូរស័ព្ទ ដោយផ្ដោតគោលដៅលើមនុស្សនៅក្នុងប្រទេសជប៉ុន។ នាយកដ្ឋានប៉ូលីសក្រុងតូក្យូ ទទួលបានដីកាចាប់ខ្លួនជនសង្ស័យ ១៩នាក់ ដែលមានអាយុចន្លោះពី ២៥ ទៅ ៥៥ឆ្នាំ។ ប្រភពស៊ើបអង្កេតបាននិយាយថា ជនសង្ស័យត្រូវបានគេចោទប្រកាន់ថា បានបោកប្រាស់ប្រាក់ប្រហែល ២៥០,០០០ យ៉េន ឬប្រហែល ១,៩០០ ដុល្លារ ពីអ្នករស់នៅទីក្រុងតូក្យូម្នាក់ ដែលស្ថិតក្នុងវ័យ ៦០ឆ្នាំ កាលពីខែមករា។

ក្រុមជនសង្ស័យបានផ្ញើសារក្លែងក្លាយព្រមានស្ត្រីជាជនរងគ្រោះ ពាក់ព័ន្ធនឹងការបង់ប្រាក់សម្រាប់សេវាអនឡាញ ហើយសមាជិកក្រុមនេះត្រូវបានគេជឿថា បានប្រតិបត្តិការចេញពីបន្ទប់សណ្ឋាគារមួយនៅក្នុងក្រុងព្រះសីហនុ។ អាជ្ញាធរកម្ពុជាបានរឹបអូសវត្ថុតាងសម្រាប់ការឆបោក បញ្ជីឈ្មោះពលរដ្ឋជប៉ុនដែលជាគោលដៅឆបោក និងទូរសព្ទមួយចំនួនធំពីបន្ទប់សណ្ឋាគារ ហើយវត្ថុតាងទាំងនោះក៏បានប្រគល់ទៅឱ្យភាគីជប៉ុនរួចហើយដែរ។ អ្នកស៊ើបអង្កេតប្រហែល ៥០នាក់ បានចាកចេញពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ មកកាន់កម្ពុជានៅព្រឹកថ្ងៃចន្ទនេះ។ ប៉ូលីសទីក្រុងតូក្យូគ្រោងនឹងផ្ទេរជនសង្ស័យនៅថ្ងៃអង្គារ ដើម្បីបញ្ជូនខ្លួនពួកគេមកកាន់ប្រទេសជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






