អន្តរជាតិ

លម្អងធូលីយ៉ាងក្រាស់បានបោកបក់ពាសពេញទីក្រុងប៉េកាំង និងតំបន់ជាច្រើនក្នុងប្រទេសចិន

BY
autoadmin
April 12, 2023

លម្អងធូលីយ៉ាងក្រាស់បានបោកបក់ពាសពេញទីក្រុងប៉េកាំង និងផ្នែកផ្សេងទៀតរបស់ប្រទេសចិន ដែលធ្វើឱ្យមានការកើនឡើងនៃការបំពុលបរិយាកាសដល់កម្រិតគ្រោះថ្នាក់ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ។ មន្ត្រីឧតុនិយមចិនបាននិយាយថា ខ្យល់បាននាំយកលម្អងធូលីពីតំបន់ដីគោក និងប្រទេសម៉ុងហ្គោលី ទៅកាន់ភាគខាងជើង និងផ្នែកផ្សេងទៀតនៃប្រទេសចិន។ ជាមួយគ្នានេះដែរ គុណភាពខ្យល់នៅទីក្រុងប៉េកាំង បានឈានដល់កម្រិតដ៏អាក្រក់បំផុតនៅលើមាត្រដ្ឋានទី៦ រយៈពេល ២ថ្ងៃ ជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលលម្អងធូលីបានគ្របដណ្តប់ពេញរដ្ឋធានី។

ស្ត្រី​វ័យ​ ៤០​ឆ្នាំ​ម្នាក់​ បាន​និយាយ​ថា គាត់​មិន​អាច​បើក​បង្អួច ឬ​ចេញ​ក្រៅ​បាន​ទេ ដោយសារលម្អងធូលី​ពណ៌​លឿង​កាន់តែអាក្រក់​ជាង​មុន។ បុរស​ម្នាក់​ក្នុង​វ័យ​ជាង ​៣០​ឆ្នាំ​ បាន​និយាយ​ថា​ ការ​បើក​បរ​របស់គាត់មាន​ការ​លំបាក ហើយ​ស្ថានភាព​គឺ​ធ្ងន់ធ្ងរណាស់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ព្យុះលម្អងបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ ដោយសារភ្លៀងធ្លាក់តិចតួចនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសចិន និងម៉ុងហ្គោលី ស្របពេលមានខ្យល់បក់ខ្លាំង។ មន្ត្រីអាកាសធាតុបាននិយាយថា លម្អងធូលីត្រូវបានមើលឃើញនៅភាគខាងជើង និងភាគខាងកើតនៅថ្ងៃពុធផងដែរ។ ពួកគេបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្ទប់មាត់ និងច្រមុះដោយការពាក់ម៉ាស់ ឬកន្សែងពោះគោ នៅពេលចេញទៅខាងក្រៅ និងបើកបរដោយប្រុងប្រយ័ត្ន ព្រោះថាវាពិបាកក្នុងការមើលផ្លូវ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: