យោធាមីយ៉ាន់ម៉ាបានវាយប្រហារតាមអាកាសទៅលើភូមិមួយ ដែលធ្វើឱ្យមនុស្ស ១០០នាក់ ត្រូវបាត់បង់ជីវិត
- BY
- autoadmin
- April 12, 2023
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែលធ្វើឡើងដោយកងកម្លាំងយោធា។ ពួកគេរាយការណ៍ថា យន្តហោះយោធាបានកំណត់គោលដៅភូមិមួយ នៅតំបន់ភាគពាយ័ព្យនៃក្រុង Sagaing ជាច្រើនដងកាលពីថ្ងៃអង្គារ។ ប្រជាជនត្រូវបានគេរាយការណ៍ថា កំពុងប្រារព្ធពិធីអបអរសាទរការបើកការិយាល័យរដ្ឋាភិបាលរួបរួមជាតិ របស់គណបក្សប្រឆាំងនៅពេលមានការវាយប្រហារនោះ។

សេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកស្លាប់និងរបួសរួមមានទាំងស្ត្រី និងកុមារ ប៉ុន្តែអ្នកនាំពាក្យរបស់យោធាបានប្រាប់ NHK ថា គាត់មិនដឹងអំពីការវាយប្រហារតាមអាកាសណាមួយឡើយ។ មេទ័ពកំពូលរបស់មីយ៉ាន់ម៉ា លោក Min Aung Hlaing នៅតែទទូចហៅសមាជិកនៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជា «ភេរវករ» ស្របពេលដែលពួកយោធាបានបង្កើនការទម្លាក់គ្រាប់លើប្រជាជន។ ជាមួយគ្នានេះ អាជ្ញាធរក្នុងប្រទេសថៃបាននិយាយថា ការកើនឡើងនៃអំពើហិង្សាបានបង្ខំឱ្យពលរដ្ឋមីយ៉ាន់ម៉ាប្រហែល ៨,០០០នាក់ ត្រូវភៀសខ្លួនឆ្លងព្រំដែនចូលប្រទេសថៃដើម្បីសុវត្ថិភាព៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






