អន្តរជាតិ

OpenAI នឹងផ្តល់ជូនរហូតដល់ ២០,០០០ ដុល្លារ សម្រាប់អ្នកដែលអាចរកឃើញកំហុស ឬបញ្ហាសុវត្ថិភាពនៅក្នុងប្រព័ន្ធ AI របស់ខ្លួន

BY
autoadmin
April 12, 2023

ក្រុមហ៊ុនព័ត៌មានវិទ្យារបស់សហរដ្ឋអាមេរិក OpenAI ដែលជាអ្នកបង្កើត ChatGPT បាននិយាយថា ខ្លួននឹងផ្ដល់ប្រាក់ដល់អ្នកដែលរាយការណ៍ពីភាពងាយរងគ្រោះ មេរោគ ឬកំហុសសុវត្ថិភាព នៅក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិតរបស់ខ្លួនរហូតដល់ ២០,០០០ ដុល្លារ។ ក្រុមហ៊ុនបានធ្វើសេចក្តីប្រកាសអំពីកម្មវិធី Bug Bounty របស់ខ្លួន នៅលើប្លក់ផ្លូវការកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកអ្នកមានស្នាដៃ ជួយកំណត់ និងដោះស្រាយបញ្ហានៅក្នុងប្រព័ន្ធ AI របស់ក្រុមហ៊ុន។

ខ្លួនបាននិយាយថា៖«យើងកំពុងអញ្ជើញសហគមន៍នៃអ្នកស្រាវជ្រាវសន្តិសុខទូទាំងពិភពលោក មិនថាជា hacker មានក្រមសីលធម៌ និងអ្នកចូលចិត្តបច្ចេកវិទ្យា ដើម្បីជួយយើងកំណត់អត្តសញ្ញាណ និងដោះស្រាយភាពងាយរងគ្រោះ នៅក្នុងប្រព័ន្ធរបស់យើង»។ ខ្លួនបាននិយាយថា រង្វាន់ជាសាច់ប្រាក់នឹងផ្អែកលើភាពធ្ងន់ធ្ងរ និងផលប៉ះពាល់នៃបញ្ហាដែលបានរាយការណ៍។ ក្រុមហ៊ុនបានបន្ថែមថា រង្វាន់នឹងមានចាប់ពី ២០០ ទៅ ២០,០០០ ដុល្លារ។ OpenAI បាននិយាយថា៖«នៅពេលយើងបង្កើតបច្ចេកវិទ្យា និងសេវាកម្មដែលមានសុវត្ថិភាព គួរឱ្យទុកចិត្ត និងពឹងផ្អែកបាន យើងត្រូវការជំនួយរបស់អ្នក»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: