ប៉ូលិសជប៉ុននឹងប្រើប្រាស់ AI ដើម្បីពង្រឹងការល្បាតតាមអ៊ីនធឺណិត ទប់ស្កាត់ព័ត៌មានទាក់ទងនឹងគ្រឿងផ្ទុះ
- BY
- autoadmin
- April 19, 2023
ប៉ូលិសជប៉ុនបានសម្រេចចិត្តប្រើប្រាស់ AI ដើម្បីពង្រឹងការល្បាតតាមអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានតាមអ៊ីនធឺណិត ដែលទាក់ទងនឹងការផលិតកាំភ្លើង និងគ្រឿងផ្ទុះ។ ទីភ្នាក់ងារនគរបាលជាតិ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅខែកញ្ញា នូវបច្ចេកវិទ្យាមួយហៅថា ដំណើរការភាសាធម្មជាតិ ដែលវិភាគអត្ថបទ និងការបញ្ចេញខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។

ទីភ្នាក់ងារនេះបានស្នើឱ្យអ្នកគ្រប់គ្រងគេហទំព័រ លុបខ្លឹមសារអំពីរបៀបបង្កើតអាវុធ និងគ្រឿងផ្ទុះចាប់តាំងពីខែកុម្ភៈ ហើយបច្ចេកវិទ្យានេះនឹងត្រូវបានអនុវត្តចំពោះការបង្ហោះនៅលើ Twitter និង YouTube ។ ទីភ្នាក់ងាររំពឹងថា AI នឹងរកឃើញខ្លឹមសារដែលបង្កគ្រោះថ្នាក់បានត្រឹមត្រូវ ជាងការបញ្ចូលពាក្យគន្លឹះ និងការស្វែងរកដោយដៃ។
ការផ្លាស់ប្តូរឆ្ពោះទៅរកការត្រួតពិនិត្យតាមអ៊ីនធឺណិតកាន់តែធំកើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Abe Shinzo ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ កាលពីខែកក្កដាឆ្នាំមុន។ នៅក្នុងឧបទ្ទវហេតុមួយផ្សេងទៀតកាលពីថ្ងៃសៅរ៍ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានគប់របស់ដែលហាក់ដូចជាគ្រឿងផ្ទុះផលិតដោយដៃ ទៅកាន់នាយករដ្ឋមន្រ្តី Kishida Fumio ប៉ុន្តែលោកនាយករដ្ឋមន្ត្រីគាត់មិនមានរបួសទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHk
- Share This Post:






