មេដឹកនាំ គីម ជុងអ៊ុន កំពុងជំរុញផែនការដាក់ផ្កាយរណបចារកម្មយោធាទៅក្នុងគន្លងតារាវិថី
កូរ៉េខាងជើងនឹងជំរុញផែនការដាក់ផ្កាយរណបចារកម្មយោធាទៅក្នុងគន្លងតារាវិថី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ ការបាញ់បង្ហោះនេះអាចពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង ដែលនឹងបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ ក្រុងព្យុងយ៉ាងនិយាយថា ចំណាត់ការនេះគឺដើម្បីរារាំងការគំរាមកំហែងនៃសង្គ្រាម ហើយមេដឹកនាំ គីម ជុងអ៊ុន ក៏បានមកត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហជាតិជាមួយកូនស្រីរបស់គាត់កាលពីពេលថ្មីៗនេះផងដែរ។

លោក គីម ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា ផ្កាយរណបឈ្លបយកការណ៍យោធាលេខមួយរបស់ប្រទេសនេះ ត្រូវបានបញ្ចប់នៅខែមេសា ហើយគណៈកម្មាធិការរៀបចំគួរតែរៀបចំខ្លួនឱ្យបានស្រេច ដូច្នេះវានឹងត្រូវបានបាញ់បង្ហោះនៅកាលបរិច្ឆេទដែលបានគ្រោងទុក។ គាត់បាននិយាយថា វាមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រស៊ើបការណ៍សម្ងាត់របស់គាត់ និងសមត្ថភាពក្នុងការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធា។ យ៉ាងណាសារព័ត៌មានរបស់បក្សកាន់អំណាច Rodong Sinmun មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ពេលដែលផ្កាយរណបថ្មីអាចត្រូវបានដាក់ពង្រាយនោះទេ ប៉ុន្តែការធ្វើតេស្តដំណាក់កាលចុងក្រោយដ៏សំខាន់មួយត្រូវបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន៕
អត្ថបទ៖ លីដា
ប្រភព៖ CNN