អន្តរជាតិ

រុស្ស៊ី​បានធ្វើសមយុទ្ធដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលពីអាកាសទៅកប៉ាល់នៅ​តំបន់ចុង​បូព៌ា

BY
autoadmin
April 20, 2023

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធដោយប្រើប្រព័ន្ធមីស៊ីលពីអាកាសទៅកប៉ាល់ នៅលើឧបទ្វីប Kamchatka និងកោះ Kuril នៅតំបន់ចុងបូព៌ារបស់ប្រទេស។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​កង​កម្លាំង​របស់​កង​នាវា​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី​ បាន​ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែក Tupolev-22M3 របស់រុស្ស៊ីចំនួន ៨គ្រឿង ដែលផ្ទុកមីស៊ីលរយៈចម្ងាយឆ្ងាយ បានហោះពីលើដែនទឹកនៃសមុទ្រ Okhotsk និងផ្នែកខាងជើងនៃសមុទ្រជប៉ុន។

កាលពី​ឆ្នាំ២០១៦ រុស្ស៊ី​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ពី​អាកាសទៅ​កប៉ាល់​នៅ​លើ​កោះ Etorofu និង Kunashiri ដែល​ជា​ផ្នែក​នៃ​កោះ​ទាំង​ ៤ ​ដែល​ជប៉ុន​ហៅ​ថា ជា​ដែនដី​ខាងជើងរបស់ខ្លួន។ រុស្ស៊ី​បាន​ចេញ​ការ​ព្រមាន​អំពី​ការ​ធ្វើ​នាវាចរណ៍​ដោយ​និយាយ​ថា ​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​មីស៊ីល​នៅ​ក្នុង​ដែន​ទឹក​ជុំវិញ​ក្រុង Etorofu ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សៅរ៍។ ប៉ុន្តែ​ភាគី​រុស្ស៊ី​មិន​បាន​បង្ហាញ​ថា ​តើ​សមយុទ្ធ​កាលពី​ថ្ងៃ​ពុធ ​ត្រូវ​បាន​ធ្វើ​នៅ​តំបន់​ភាគ​ខាងជើង​ ឬ​យ៉ាង​ណា​នោះ​ទេ។ ជម្រាបដែរថា ប្រទេសរុស្ស៊ីបានគ្រប់គ្រងកោះជាច្រើន ខណៈរដ្ឋាភិបាល​ជប៉ុន​អះអាង​ថា មានកោះមួយចំនួនជារបស់ជប៉ុន ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីសង្គ្រាមលោកលើកទី២។

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: