យ៉ាងហោចណាស់មនុស្សជិត ៨០ នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ជាន់ជើងគ្នានៅប្រទេសយេម៉ែន
យ៉ាងហោចណាស់មានមនុស្សចំនួន ៧៨ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ដោយក្នុងនោះមាន ១៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយហេតុការណ៍ជាន់ជើងគ្នានៅក្នុងរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍ជាន់ជើងគ្នាបានកើតឡើងក្នុងអំឡុងពេលចែកចាយអំណោយសប្បុរសធម៌ នៅក្នុងថ្ងៃចុងក្រោយនៃខែដ៏វិសុទ្ធរបស់មូស្លីម ឬហៅថា បុណ្យរ៉ាម៉ាដាន។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាចូលទៅក្នុងសាលារៀនមួយ ដើម្បីទទួលអំណោយដែលមានតម្លៃប្រហែល ៩ដុល្លារក្នុងម្នាក់ៗ នេះបើតាមសាក្សី ២នាក់ បានប្រាប់រ៉យទ័រ។

ក្រសួងមហាផ្ទៃក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មនុស្សចំនួន ២នាក់ ដែលទទួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការ។ ជម្រាបផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលរយៈពេល ៨ ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ បំផ្លាញសេដ្ឋកិច្ច និងជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពអត់ឃ្លាន។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ បន្ទាប់ពីពួក Houthis បានបណ្តេញរដ្ឋាភិបាលចេញពីរដ្ឋធានីសាណាក្នុងឆ្នាំ២០១៤ ហើយជម្លោះនោះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាសង្រ្គាមប្រូកស៊ីរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand