បុគ្គលិកកំពូលសំណាងម្នាក់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុនមួយនៅប្រទេសចិន
- BY
- autoadmin
- April 20, 2023
បុរសជនជាតិចិនម្នាក់បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Weibo រាប់លាននាក់ មានការច្រណែននឹងសំណាងរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីគាត់បានឈ្នះរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ នៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលគាត់កំពុងបម្រើការងារ។ ពិធីជប់លៀងមួយនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមេសា នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយវាក៏ជាកម្មវិធីប្រចាំឆ្នាំលើកដំបូងបំផុតក្នុងរយៈពេល ៣ឆ្នាំ ដោយសារការរំខានពីជំងឺ COVID-19។ វាត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ទើបថៅកែក្រុមហ៊ុនបានរៀបចំការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបុរសរូបនេះក៏បានឈ្នះរង្វាន់ដ៏មហាអស្ចារ្យមួយនេះ។

បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Chen ជាបុគ្គលិកម្នាក់មកពីផ្នែករដ្ឋបាល របស់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះមួយកន្លែង។ គាត់បានឈ្នះរង្វាន់ «ឈប់សម្រាក ៣៦៥ថ្ងៃ» នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុន ខណៈអ្នកដទៃទៀតឈ្នះត្រឹមប្រាក់រង្វាន់ធម្មតាៗប៉ុណ្ណោះ។ មិត្តរួមការងាររបស់គាត់ម្នាក់បាននិយាយថា គាត់មិនដែលឃើញរង្វាន់បែបនេះទេ ចាប់តាំងពីគាត់រៀនចប់កាលពី ១៤ឆ្នាំមុន ហើយថៅកែរបស់លោក Chen ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ដោយសារឱកាសក្នុងការចាប់បានរង្វាន់មួយនេះ គឺមានតិចតួចមែនទែន។ ពោលគឺឱកាស ១ ក្នុងចំណោមរាប់ពាន់ឱកាស។
វីដេអូដែលគាត់បានឈ្នះរង្វាន់ឈប់សម្រាកពេញមួយឆ្នាំ (៣៦៥ថ្ងៃ) ត្រូវបានបង្ហោះលើបណ្ដាញសង្គម Weibo ដោយមានចំនួនចូលមើល ២៥០ លានដង គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្ដល់ជម្រើសឱ្យគាត់ផងដែរ ដោយទទួលយកច្បាប់សម្រាក ៣៦៥ថ្ងៃ (មានប្រាក់ខែធម្មតា) ឬទទួលយកប្រាក់ខែបូកបន្ថែមពេញមួយឆ្នាំពីលើប្រាក់ឈ្នួលដែលមានស្រាប់ ដោយមិនចាំបាច់ទទួលយកការឈប់សម្រាក៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post:






