ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងប្រកាសនឹងផ្តល់ប្រាក់ ៥០០ ដុល្លារក្នុងមួយខែ ទៅដល់យុវជនដែលឯកោ ដើម្បីឱ្យពួកគេចូលក្នុងសង្គម និងស្ដារជីវិតឡើងវិញ

    BY autoadmin April 20, 2023
    កូរ៉េខាងត្បូងប្រកាសនឹងផ្តល់ប្រាក់ ៥០០ ដុល្លារក្នុងមួយខែ ទៅដល់យុវជនដែលឯកោ ដើម្បីឱ្យពួកគេចូលក្នុងសង្គម និងស្ដារជីវិតឡើងវិញ

    រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនឹងផ្តល់ប្រាក់ចំនួន ៥០០ ដុល្លារក្នុងមួយខែ ទៅដល់យុវជនឯកោ ដែលនៅដាច់ឆ្ងាយពីសង្គមខាងក្រៅ ដើម្បីជួយពួកគេឱ្យភ្ជាប់ទំនាក់ទំនងជាមួយសង្គម និងស្តារជីវិតប្រចាំថ្ងៃរបស់ពួកគេឡើងវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ ក្រសួងសមភាពយេនឌ័រ និងគ្រួសារ បានប្រកាសពីវិធានការថ្មីមួយនេះកាលពីថ្ងៃពុធ ដែលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជន ដែលមានអាយុពី ៩ ទៅ ២៤ឆ្នាំ រហូតដល់ ៦៥០,០០០ វ៉ុនក្នុងមួយខែ ឬ៥០០ដុល្លារ ដើម្បីជាមធ្យោបាយលើកទឹកចិត្តពួកគេឱ្យចាកចេញពីផ្ទះ និងចូលប្រលូកក្នុងសង្គមឡើងវិញ ដោយការត្រឡប់ទៅសាលារៀន ឬស្វែងរកការងារធ្វើ។

    យុវជនដែលមានសិទ្ធិអាចប្រើប្រាស់ប្រាក់មូលនិធិ ដើម្បីចំណាយលើការរស់នៅ ការផ្គត់ផ្គង់ថ្លៃសាលា និងបទពិសោធន៍វប្បធម៌។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងបានឱ្យដឹងថា មូលនិធិដែលយុវជនអាចទទួលបានទាំងទំនិញ ឬជាសាច់ប្រាក់ ក៏នឹងត្រូវបញ្ជូនទៅគណនីធនាគារឪពុកម្តាយ ឬជីដូនជីតារបស់ពួកគេ ប្រសិនបើពួកគេមានអាយុក្រោម ១៨ឆ្នាំ។ យោងតាមរបាយការណ៍របស់ក្រសួង ជនជាតិកូរ៉េប្រហែល ៣៥០,០០០ នាក់ ឬ ៣.១% ដែលមានអាយុពី ១៩ ទៅ ៣៩ឆ្នាំ គឺជា «យុវជនឯកោ» ហើយភាគច្រើនពួកគេមកពីគ្រួសារដែលមានជីវភាពក្រីក្រ។

    ក្រសួងបានពន្យល់ផងដែរថា យុវជនទាំងនោះប្រហែលជាផ្ដាច់ខ្លួនពីសង្គមតាំងពីក្មេង ដោយសាររបួសផ្លូវចិត្តផ្ទាល់ខ្លួន ការគំរាមកំហែង ភាពតានតឹងក្នុងការសិក្សា ជម្លោះក្នុងគ្រួសារ ឬកង្វះការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ។ ស្របពេលកូរ៉េខាងត្បូងរំពឹងថា នឹងក្លាយជាប្រទេសមួយដែលមានវ័យចំណាស់បំផុតក្នុងពិភពលោកនៅឆ្នាំ២០៤៤ រដ្ឋាភិបាលក៏បានចំណាយប្រាក់ជាង ២០០ ពាន់លានដុល្លារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនចំនួនប្រជាជនក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: