យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានច្រឡំទម្លាក់គ្រាប់បែកទៅលើទីក្រុងខ្លួនឯង ដែលបណ្ដាលឱ្យមនុស្ស ៣នាក់រងរបួស
- BY
- autoadmin
- April 21, 2023
យន្តហោះចម្បាំងរុស្ស៊ី Sukhoi-34 បានទម្លាក់គ្រាប់បែកដោយចៃដន្យនៅទីក្រុង Belgorod របស់រុស្ស៊ីខ្លួនឯង ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ គ្រាប់បែកនេះបានបន្សល់ទុកនូវរណ្ដៅដីទំហំ ២០ ម៉ែត្រ ហើយបណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ ដែលបានធ្វើឱ្យរថយន្តមួយប៉ើងទៅលើដំបូលហាងក្បែរនោះ។ អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា អាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសពលរដ្ឋពីប្លុកអគារកម្ពស់ ៩ជាន់ ដែលរងការខូចខាត ដើម្បីជាការប្រុងប្រយ័ត្ន។ លោកបាននិយាយថា មនុស្ស ៣នាក់បានរងរបួស ហើយអគារជាច្រើនបានរងការខូចខាត។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា យន្តហោះទម្លាក់គ្រាប់បែក Su-34 មួយគ្រឿងរបស់ខ្លួនបាន «ទម្លាក់គ្រាប់ដោយចៃដន្យ» នៅម៉ោង ២២:១៥ នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ គ្រាប់បែកបានធ្លាក់នៅចំណុចប្រសព្វផ្លូវ ២ មិនឆ្ងាយពីតំបន់កណ្តាលក្រុង និងនៅជាប់អគារលំនៅឋានរបស់ពលរដ្ឋ។ គិតមកទល់ពេលនេះ មានស្ត្រី ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលដោយសាររបួសធ្ងន់ធ្ងរ ហើយដោយសារវាធ្លាក់នៅប្លុកលំនៅឋានពលរដ្ឋ ដូច្នេះស្ថានការណ៍អាចនឹងអាក្រក់ជាងនេះថែមទៀត។ យ៉ាងណាក៏ដោយ ពុំមានអ្នកស្លាប់នោះទេនៅក្នុងហេតុការណ៍នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






