ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃចេញការព្រមានពាក់ព័ន្ធនឹងកម្ដៅក្តៅខ្លាំង ខណៈតំបន់មួយចំនួនមានសីតុណ្ហភាពលើសពី ៥០ អង្សាសេ

    BY autoadmin April 22, 2023
    ប្រទេសថៃចេញការព្រមានពាក់ព័ន្ធនឹងកម្ដៅក្តៅខ្លាំង ខណៈតំបន់មួយចំនួនមានសីតុណ្ហភាពលើសពី ៥០ អង្សាសេ

    ប្រទេសថៃកាលពីថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ បានចេញការព្រមានពាក់ព័ន្ធនឹងសីតុណ្ហភាពក្តៅខ្លាំង ខណៈដែលតំបន់មួយចំនួនបានហក់ឡើងដល់ជាង ៥០ អង្សាសេ ស្របពេលដែលកាលពីចុងសប្តាហ៍មុន សីតុណ្ហភាពរបស់ប្រទេសនេះបានកើនឡើងដល់ ៤៥ អង្សាសេ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នាយកដ្ឋានឧតុនិយមបានព្រមានថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង នឹងឈានដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៣ ផ្សេងទៀត នេះបើតាមការឱ្យដឹងពី The Nation Thailand

    តំបន់ដែលរងការព្រមានចំពោះសីតុណ្ហភាពក្តៅខ្លាំងមានដូចជា៖ ខេត្តពេជ្របូរណ៍ ៤៨.១ អង្សាសេ, ខេត្តមហាសារខាម ៤៤.៥ អង្សាសេ, ទីក្រុងបាងកក ៥៤ អង្សាសេ, ខេត្តឈុនបុរី ៥៤ អង្សាសេ និង ខេត្តភូកេត ៥៤ អង្សាសេ។

    ជាមួយគ្នានេះ ប្រទេសថៃក៏បានបែងចែកកម្រិតគ្រោះថ្នាក់ដូចជា៖

    • កម្រិតត្រូវតាមដាន (២៧-៣២ អង្សាសេ)៖ វាអាចនាំឱ្យមានការអស់កម្លាំង វិលមុខ ចង្អោរ ក្អួត ឈឺក្បាល និងឈឺសាច់ដុំ ដោយសារការប៉ះពាល់នឹងកម្ដៅ ឬសកម្មភាពរាងកាយក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ។
    • កម្រិតប្រុងប្រយ័ត្ន (៣២-៤១ អង្សាសេ)៖ អាចបណ្ដាលឱ្យរមួលសាច់ដុំ ហើយអាចជួបប្រទះនឹងការហត់នឿយ ប្រសិនបើប៉ះពាល់នឹងសីតុណ្ហភាពក្ដៅក្នុងរយៈពេលយូរ។
    • កម្រិតព្រមាន (៤១-៥៤អង្សាសេ)៖ អាចធ្វើឱ្យរមួលសាច់ដុំជើង ដៃ ពោះ ឬរឹងស្មា, អារម្មណ៍ហត់នឿយពីកម្ដៅ និងអាចវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនបើត្រូវកម្ដៅក្នុងរយៈពេលយូរ។
    • គ្រោះថ្នាក់ខ្លាំង (៥៤ អង្សាសេ និងខ្ពស់ជាងនេះ)៖ អាចបណ្ដាលឱ្យទៅជាជំងឺដាច់សរសៃឈាមខួរក្បាល។

    ដូច្នេះពលរដ្ឋត្រូវតាមដានរោគសញ្ញា ជាពិសេសចំពោះកុមារតូចៗ មនុស្សចាស់ និងអ្នកដែលមានជម្ងឺប្រចាំកាយ។ ពលរដ្ឋក៏ត្រូវបានណែនាំផងដែរ ឱ្យកាត់បន្ថយសកម្មភាពក្រៅ ពាក់មួក វ៉ែនតា និងសម្លៀកបំពាក់រលុង ហើយមានខ្យល់ចេញចូល។ ប្រសិនបើធ្វើការនៅខាងក្រៅ ចូរធ្វើការជាក្រុម៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: