អន្តរជាតិ

ពលរដ្ឋថៃមួយក្រុមបានដាក់បណ្តឹងប្រឆាំងលោក ប្រាយុទ្ធ ចាន់អូចា និងក្រុមប្រឹក្សាបរិស្ថានជាតិ ជុំវិញការកើនឡើងនៃកម្រិតបំពុល PM2.5

BY
autoadmin
April 22, 2023

តុលាការរដ្ឋបាលខេត្តឈៀងម៉ៃ បានទទួលយកញត្តិដែលដាក់ដោយអ្នកស្រុកមួយក្រុម ដែលប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា និងក្រុមប្រឹក្សាបរិស្ថានជាតិ ជុំវិញការកើនឡើងនៃការបំពុលលម្អងធូលី PM2.5 នៅខេត្តភាគខាងជើង។ នៅក្នុងពាក្យបណ្ដឹងរបស់ពួកគេ ដើមបណ្តឹងបានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី និងទីភ្នាក់ងារនេះ ក៏ដូចជាគណៈកម្មការមូលបត្រ និងក្រុមប្រឹក្សាត្រួតពិនិត្យទីផ្សារមូលធនថៃ ចំពោះការកើនឡើងឥតឈប់ឈរនៃការបំពុល PM2.5 (ភាគល្អិតមានអង្កត់ផ្ចិតតូចជាង ២.៥ មីក្រូម៉ែត្រ) ទៅលើខេត្តចំនួន ១៧ នៅភាគខាងជើងប្រទេសក្នុងរយៈពេល ២ខែ កន្លងមកនេះ។

ដើមបណ្តឹងបាននិយាយថា លោកនាយករដ្ឋមន្ត្រី និងទីភ្នាក់ងារពាក់ព័ន្ធ មានការធ្វេសប្រហែសក្នុងការដោះស្រាយបញ្ហា ហើយពួកគេទាមទារឱ្យមានការសម្អាតខ្យល់។ កម្រិត PM2.5 នៅក្នុងខេត្តភាគខាងជើងទាំងនោះ បានកើនឡើងលើសពីកម្រិតសុវត្ថិភាព ហើយបានបង្កការគំរាមកំហែងដល់សុខភាពអ្នកស្រុកយ៉ាងខ្លាំង។ មានពេលខ្លះ ខេត្តឈៀងម៉ៃ និងទីក្រុងភាគខាងជើងផ្សេងទៀត មានកម្រិត PM2.5 លោតឡើងយ៉ាងអាក្រក់បំផុត ដែលឱ្យតំបន់ទាំងនោះស្ថិតក្នុងចំណោមទីក្រុងកំពូលទាំង ១០ របស់ពិភពលោក ដែលមានការបំពុលលម្អងធូលីខ្លាំង។

តុលាការកាលពីថ្ងៃសុក្រ បានទទួលយកសំណុំរឿងប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ និងក្រុមប្រឹក្សាបរិស្ថានជាតិ ខណៈដែលច្រានចោលសំណុំរឿងប្រឆាំងនឹងភ្នាក់ងារ ២ ផ្សេងទៀត។ នៅក្នុងពាក្យបណ្ដឹងរបស់ពួកគេ ដើមបណ្តឹងទាមទារឱ្យនាយករដ្ឋមន្ត្រីប្រើអំណាចរបស់គាត់តាមមាត្រាទី៩ នៃច្បាប់ស្តីពីការលើកកម្ពស់ និងអភិរក្សគុណភាពបរិស្ថានជាតិ ដើម្បីជួយសម្រួលបញ្ហា PM2.5 ។ ដើមបណ្តឹងក៏បានទាមទារឱ្យក្រុមប្រឹក្សាបរិស្ថានជាតិ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវផែនការជាតិ ដើម្បីដោះស្រាយការបំពុលធូលី ដែលប្រកាសដោយរដ្ឋាភិបាលតាំងពីឆ្នាំ២០១៩៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: