ប្រទេសចិនគ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ព 3D ដើម្បីសាងសង់អគារតាំងលំនៅលើឋានព្រះច័ន្ទ
- BY
- autoadmin
- April 24, 2023
កាសែត China Daily នៅថ្ងៃច័ន្ទ ទី២៤ ខែមេសា បានរាយការណ៍ថា ប្រទេសចិននឹងប្រើបច្ចេកវិទ្យាបោះពុម្ព 3D ដើម្បីសាងសង់អគារនៅលើឋានព្រះច័ន្ទ ខណៈដែលទីក្រុងប៉េកាំងកំពុងពង្រឹងផែនការសម្រាប់ការតាំងលំនៅលើឋានព្រះច័ន្ទរយៈពេលវែង។ នៅឆ្នាំ ២០២០ បេសកកម្មរបស់យាន Chang’e 5 បានត្រឡប់ទៅផែនដីវិញ ដោយនាំយកនូវសំណាកដីតាមពីឋានព្រះច័ន្ទជាលើកដំបូងឱ្យប្រទេសចិន។ ជាមួយគ្នានេះ ប្រទេសចិនក៏នឹងចាប់ផ្តើមបេសកកម្ម Chang’e 6, 7 និង 8 ជាមួយនឹងភារកិច្ចដើម្បីស្វែងរកធនធានដែលអាចប្រើឡើងវិញបាននៅលើឋានព្រះច័ន្ទ សម្រាប់ការរស់នៅយូរអង្វែងរបស់មនុស្ស។

លោក Wu Weiren អ្នកវិទ្យសាស្ដ្ររបស់រដ្ឋបាលអវកាសបានឱ្យដឹងថា៖«យាន Chang’e 8 នឹងធ្វើការស៊ើបអង្កេតនៅនឹងកន្លែងអំពីបរិស្ថាន និងសមាសធាតុរ៉ែ ហើយក៏កំណត់ថា តើបច្ចេកវិទ្យាដូចជាការបោះពុម្ព 3D អាចត្រូវបានដាក់ពង្រាយលើផ្ទៃព្រះច័ន្ទដែរ ឬអត់?។ លោកបន្ថែមថា៖«ប្រសិនបើយើងប្រាថ្នាចង់នៅលើឋានព្រះច័ន្ទរយៈពេលយូរ យើងត្រូវរៀបចំស្ថានីយ៍ ដោយប្រើសម្ភារៈនៅឋានព្រះច័ន្ទ»។ ពោលគឺប្រទេសចិនចង់ចាប់ផ្តើមសាងសង់មូលដ្ឋាននៅឋានព្រះច័ន្ទ ដោយប្រើដីពីរបស់ព្រះច័ន្ទផ្ទាល់ក្នុងរយៈពេល ៥ឆ្នាំទៀត។ មនុស្សយន្តដែលមានភារកិច្ចបង្កើតឥដ្ឋលើឋានព្រះច័ន្ទ នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងអំឡុងពេលបេសកកម្ម Chang’e 8 នៅជុំវិញឆ្នាំ២០២៨ នេះបើយោងតាមអ្នកជំនាញមកពីបណ្ឌិត្យសភាវិស្វកម្មចិន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






