អន្តរជាតិ

ចំនួនករណីឆ្លង និងបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩នៅប្រទេសថៃ បានហក់ឡើងច្រើនជាង ២ដង ក្រោយត្រឡប់មកពីបុណ្យសង្រ្កាន្តវិញ

BY
autoadmin
April 24, 2023

សប្តាហ៍ដំបូងបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យសង្រ្កាន្តដ៏យូររបស់ថៃ ប្រទេសនេះមានអ្នកជំងឺ COVID-19 ថ្មីចំនួន ១,០៨៨ នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ និង ៥នាក់ បានស្លាប់ដោយសារជំងឺនេះ។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា មានមនុស្សចំនួន ១,០៨៨ នាក់ ដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឬជាមធ្យម ១៥៥ នាក់ក្នុងមួយថ្ងៃ។ ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​បញ្ជូនទៅមន្ទីរពេទ្យ មាន​អ្នកជំងឺ ៧៣​នាក់ ​បាន​ធ្លាក់ខ្លួនរលាក​សួត និង​៣៥​នាក់​ ត្រូវ​ការ​ឧបករណ៍ជំនួយដង្ហើម។

តួលេខនេះគឺច្រើនជាងទ្វេដងបើធៀបនឹងសប្តាហ៍ នៅចន្លោះថ្ងៃទី០៩-១៥ ខែមេសា នៅពេលដែលអ្នកជំងឺត្រឹមតែ ៤៣៥ នាក់ ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ហើយមាន ២ នាក់ បានស្លាប់ដោយសារជំងឺនេះ។ ចាប់តាំងពីដើមឆ្នាំមក ប្រទេសថៃមានអ្នកជំងឺចំនួន ៦,៥៧១ នាក់ ត្រូវបានបញ្ជូនទៅព្យាបាលជំងឺ COVID-19 និង ២៧៨ នាក់បានស្លាប់ដោយសារវា។ គិតត្រឹមថ្ងៃទី២២ ខែមេសា វ៉ាក់សាំង COVID-19 សរុបចំនួន ១៤៤.៩៥ លានដូស ត្រូវបានផ្ដល់ជូន ដោយមានពលរដ្ឋ ៥៧.២៣ លាននាក់ បានចាក់ដូសលើកទី១ និង ៥៣.៧៣ លាននាក់ បានចាក់លើកទី២៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: