ប្រទេសថៃជាប្រទេសនាំចេញស្រោមអនាម័យធំជាងគេក្នុងពិភពលោក
- BY
- autoadmin
- April 25, 2023
ស្រោមអនាម័យគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន ៥ ដែលប្រទេសថៃបាននាំចេញច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក នេះបើយោងតាមទិន្នន័យពីគេហទំព័រការយល់ដឹងអំពីពាណិជ្ជកម្មពិភពលោក kidka.com តាមរយៈសារព័ត៌មាន Prachachat។ ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ លោក Poonping Naiyanapakorn បាននិយាយថា ប្រទេសថៃបាននាំចេញផលិតផលឈានមុខចំនួន ៥ ក្នុងឆ្នាំ២០២២ ដោយការទាញយកអត្ថប្រយោជន៍ពីវត្ថុធាតុដើមនៅក្នុងស្រុក ខណៈជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងតំបន់។ ដូច្នេះហើយប្រទេសនានាជុំវិញពិភពលោក បានជឿជាក់យ៉ាងខ្លាំងលើផលិតផលរបស់ប្រទេសថៃ។

ក្នុងចំណោមផលិតផលទាំង ៥ ដែលប្រទេសថៃបាននាំចេញទៅកាន់ពិភពលោកមានដូចជា៖
១. ផ្លែទុរេន៖ ប្រទេសថៃរកបានប្រមាណ ៣.២១ ពាន់លានដុល្លារ ពីការនាំចេញស្ដេចផ្លែឈើមួយនេះ នៅក្នុងឆ្នាំ២០២២ ហើយអតិថិជនធំជាងគេរបស់ទុរេនថៃ គឺប្រទេសចិន ហុងកុង តៃវ៉ាន់។ ប្រទេសថៃកាន់កាប់ទីផ្សារទុរេនស្រស់របស់ពិភពលោក ៩៣% ខណៈវៀតណាម (៦%) និងម៉ាឡេស៊ី (០.៧%) ។
២. ដំឡូងមី៖ ការនាំចេញរបស់វាមានតម្លៃប្រមាណ ១.៥២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយទីផ្សារធំជាងគេ គឺប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម។ ដំឡូងមីរបស់ថៃតំណាងឱ្យ ៤៦.៥% នៃទីផ្សារដំឡូងមីពិភពលោក បន្ទាប់មកកម្ពុជា (៣៤.១%) និងឡាវ (៩.១%)។
៣. ស្រោមអនាម័យ៖ ក្នុងឆ្នាំ២០២២ ប្រទេសថៃបាននាំចេញស្រោមអនាម័យដែលមានតម្លៃ ២.៧២ ពាន់លានដុល្លារ ជាមួយនឹងតម្រូវការច្រើនបំផុតមកពីប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម។ ស្រោមអនាម័យថៃរួមចំណែក ៤៤% នៃស្រោមអនាម័យពិភពលោក បន្ទាប់មកស្រោមអនាម័យផលិតនៅប្រទេសចិន (១២.៨%) និងម៉ាឡេស៊ី (១០.៨%)។
៤. ម្នាស់កំប៉ុង៖ ប្រទេសថៃបាននាំចេញម្នាស់កំប៉ុងក្នុងតម្លៃ ៤៦៩.៦៩ លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដោយទីផ្សារធំជាងគេគឺសហរដ្ឋអាមេរិក រុស្ស៊ី និងអាល្លឺម៉ង់។ ម្នាស់កំប៉ុងរបស់ថៃតំណាងឱ្យ ៣៦.៤% នៃម្នាស់កំប៉ុងរបស់ពិភពលោក តាមពីក្រោយដោយឥណ្ឌូណេស៊ី (២៥.៧%) និងហ្វីលីពីន (១៨%)។
៥. ត្រីធូណាកំប៉ុង៖ កាលពីឆ្នាំមុន ថៃបាននាំចេញត្រីធូណាកំប៉ុងដែលមានតម្លៃ ២.២៨ ពាន់លានដុល្លារ ហើយអ្នកប្រើប្រាស់ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។ ប្រទេសថៃកាន់កាប់ ២៤.៨% នៅក្នុងទីផ្សារត្រីធូណាកំប៉ុងទូទាំងពិភពលោក បន្ទាប់មកអេក្វាឌ័រ (១៥.២%) និងអេស្ប៉ាញ (៩.៥%) ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger , Prachachat
- Share This Post:






