អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ៧៣ នាក់បាត់បង់ជីវិតនៅប្រទេសកេនយ៉ា ដោយសារជំនឿបង្អត់អាហារខ្លួនឯងដើម្បីបានទៅឋានសួគ៌

BY
autoadmin
April 25, 2023

ប៉ូលិសកេនយ៉ាបានរកឃើញសាកសពចំនួន ៧៣នាក់ ដែលភាគច្រើនយកចេញពីក្នុងព្រៃមួយនៅប្រទេសកេនយ៉ា ដែលត្រូវបានគេដឹងថា ជាអ្នកដើរតាមសាសនាគ្រឹស្ត ហើយបានជឿជាក់ថា ពួកគេនឹងទៅឋានសួគ៌ប្រសិនបើពួកគេបង្អត់អាហារខ្លួនឯង។ ចំនួន​អ្នក​ស្លាប់បានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលកាកបាទក្រហមកេនយ៉ាបាននិយាយថា មនុស្សចំនួន ១១២នាក់ នៅបាត់ខ្លួននៅឡើយ ដោយគ្មានការរាយការណ៍ទៅក្រុមតាមដាន និងក្រុមប្រឹក្សា ដែលឈរជើងប្រចាំនៅមន្ទីរពេទ្យក្នុងស្រុកនោះទេ។

មេដឹកនាំសាសនាលោក Paul Mackenzie ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីមានដំណឹងមកថា ផ្នូររបស់អ្នកដើរតាមមេដឹកនាំសាសនារូបនេះ យ៉ាងហោចណាស់ ៣១ ត្រូវបានគេប្រទះរកឃើញ។  លោកគឺជាមេដឹកនាំសាសនាចក្រ Good News International ដែលបានបោះទីតាំងជាច្រើននៅក្នុងតំបន់ទំហំ ៨០០ អាក្រេ នៅក្នុងព្រៃ Shakahola។

នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មបាននិយាយថា រហូតមកដល់ពេលនេះមនុស្ស ៣៣ នាក់ត្រូវបានជួយសង្គ្រោះ។ កាលពីព្រឹកថ្ងៃច័ន្ទ ប្រមុខប៉ូលិសកេនយ៉ាលោក Japhet Koome ដែលទៅពិនិត្យកន្លែងកើតហេតុបាននិយាយថា មនុស្សភាគច្រើនត្រូវបានគេរកឃើញនៅក្នុងបណ្ដុំផ្នូរដ៏ធំមួយ ហើយក្នុងនោះមានមនុស្ស ៨នាក់ នៅមានជីវិត និងស្គមស្គាំងខ្លាំង ប៉ុន្តែក្រោយមកពួកគេបានស្លាប់ទៅវិញ។ ឥឡូវនេះ ប៉ូលិសនៅតែបន្ដស៊ើបអង្កេត ដើម្បីចាប់ខ្លួនអ្នកទទួលខុសត្រូវឱ្យទទួលទោសតាមច្បាប់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: