ជប៉ុននឹងយកទូរស័ព្ទចាស់ៗ កុំព្យួទ័រចាស់ៗ មកកែច្នៃធ្វើជាមេដាយសម្រាប់ព្រឹត្តិការណ៍កីឡា Olympic ២០២០ និង Paralympic Games
ជប៉ុន៖ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ជប៉ុននឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា Olympic ២០២០ និង Paralympic Games ដែលនៅក្នុងព្រឹត្តិការណ៍កីឡាធំៗទាំងពីរនេះ ជប៉ុននឹងត្រូវផលិតមេដាយយ៉ាងច្រើនសម្រាប់ក្រុមកីឡាករ។ បើយោងតាម BBC បានរាយការណ៍ថា ជប៉ុនបានប្រមូលកាកសំណល់អេឡិចត្រូនិចជាច្រើនដូចជា ទូរស័ព្ទទំនើប និងម៉ាស៊ីនកុំទ្យូទ័រយួរដៃចាស់ៗ ដែលអាចច្នៃប្រើប្រាស់ឡើងវិញបាន ដើម្បីយកមកច្នៃធ្វើជាមេដាយសម្រាប់ក្រុមកីឡាករ។ បើតាមគម្រោងជប៉ុនត្រូវការមាសសុទ្ធចំនួន ៣០,៣ គីឡូក្រាម ប្រាក់ចំនួន ៤,១០០ ក្រាម និងសំរិទ្ធចំនួន ២,៧០០ គីឡូក្រាម សម្រាប់ផលិតជាមេដាយ។
រហូតមកទល់នឹងពេលនេះជប៉ុនបានប្រមូលសំរិទ្ធគ្រប់ចំនួនហើយ ដោយឡែកមាសប្រមូលបាន ៩០% និងប្រាក់បាន ៨៥% ហើយចំនួនដែលនៅខ្វះនឹងត្រូវបំពេញឲ្យគ្រប់ចំនួនត្រឹមខែ តុលា ខាងមុននេះ។ ចំពោះកាកសំណល់អេឡិតត្រូនិចវិញត្រូវបានគេរាយការណ៍ថា មានទម្ងន់ ៤៧,៤៨៨ តោន (ទម្ងន់មិនទាន់កែច្នៃ) ដែលក្នុងនោះមានទូរស័ព្ទចាស់ៗប្រមាណជា ៥ លានគ្រឿង និងម៉ាស៊ីនកុំព្យូទ័រយួរដៃជាច្រើនគ្រឿងផងដែរ។ មេដាយដែលត្រូវបានគេផលិតផលិតចេញពីកាកសំណល់អេឡិចត្រូនិចនេះនឹងក្លាយជាមេដាយដ៏ពិសេសមួយ ព្រោះតែវាបានជួយកាត់បន្ថយកាកសំណល់មិនល្អពីក្នុងបរិស្ថាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ bbc