លោក ហ៊្សែលឡិនស្គី និងលោក ស៊ី ជីនពីង បានជជែកគ្នាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន
- BY
- autoadmin
- April 26, 2023
លោក Volodymr Zelensky (ហ៊្សែលឡិនស្គី) បានឱ្យដឹងថា គាត់បាននិយាយទូរស័ព្ទយ៉ាងយូរ និងស៊ីជម្រៅ ជាមួយលោក Xi Jinping (ស៊ី ជីនពីង) ដែលជាទំនាក់ទំនងលើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើម។ លោកបាននិយាយនៅលើ Twitter ថា៖«ការសន្ទនាគ្នានេះ រួមជាមួយនឹងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំង នឹងផ្តល់កម្លាំងរុញច្រានដ៏ខ្លាំងក្លា ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរបស់យើង»។ ប្រទេសចិនបានបញ្ជាក់ពីការសន្ទនាគ្នាតាមទូរស័ព្ទនេះ ដោយបន្ថែមថា ខ្លួនតែងតែឈរនៅខាងសន្តិភាព។

រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងបានព្យាយាមបង្ហាញជំហរអព្យាក្រឹតលើការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែខ្លួនមិនបានថ្កោលទោសការឈ្លានពាននេះដូចលោកខាងលិចទេ ខណៈកាលពីខែមុនប្រធានាធិបតី ស៊ី បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសរុស្ស៊ី។ គាត់បានហៅប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាជាមិត្តសម្លាញ់របស់គាត់ និងបានស្នើផែនការសន្តិភាព ១២ ចំណុច ហើយបានទទូចថា ប្រទេសចិនឈរនៅខាងសន្តិភាព។ ទោះជាយ៉ាងណា លោកមិនបានប្តេជ្ញាផ្តល់អាវុធដល់រុស្ស៊ីទេ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃដំណើរទស្សនកិច្ចនោះដែរ ប្រធានាធិបតីលោក ហ៊្សែលឡិនស្គី ក៏បានអញ្ជើញមេដឹកនាំចិនទៅទស្សនកិច្ចនៅទីក្រុងគៀវ ដើម្បីពិភាក្សាគ្នា ដោយកត់សម្គាល់ថា ពួកគេធ្លាប់បានទាក់ទងគ្នាមុនពេលសង្រ្គាម ប៉ុន្តែមិនដែលបាននិយាយគ្នាសោះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ទូរទស្សន៍ CCTV របស់ប្រទេសចិន បានដកស្រង់សម្តីរបស់លោកប្រធានាធិបតី ស៊ី ដែលបាននិយាយថា ប្រទេសចិននឹង «បញ្ឆេះភ្លើង ឬបន្ថែមប្រេងទៅក្នុងភ្លើងលើភាគីណាទេ កុំថាតែការទាញយកប្រយោជន៍ពីវិបត្តិដើម្បីការចំណេញផ្ទាល់ខ្លួន»។ មានន័យថា លោកនឹងមិននៅខាងណា ឬអុចអាលឱ្យគេកាន់តែឈ្លោះគ្នាកាន់តែខ្លាំង ដើម្បីទាញយកប្រយោជន៍នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






