សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេលជាង ៤០ឆ្នាំ
- BY
- autoadmin
- April 28, 2023
សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារទីក្រុងសេអ៊ូល ប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបាននិយាយថា ផែនការចូលចតនាវាមុជទឹកនៅកូរ៉េខាងត្បូង ដែលមិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យមានការរារាំងប្រឆាំងនឹងរបបរបស់លោក គីម ជុងអ៊ុន។ អាមេរិកក៏នឹងប្តេជ្ញាដើរតួនាទីឱ្យសម្ព័ន្ធមិត្តកាន់តែខ្លាំង ក្នុងការឆ្លើយតបចំពោះការវាយប្រហារនុយក្លេអ៊ែរ។

មន្ត្រីបាននិយាយថា ប្រធានាធិបតីលោក Joe Biden និងសមភាគីកូរ៉េខាងត្បូងលោក Yoon Suk Yeol ប្រកាសពីកិច្ចព្រមព្រៀងនេះនៅថ្ងៃពុធ នៅទីក្រុងវ៉ាស៊ីនតោន។ ក្រុមមន្ត្រីបាននិយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បើតាមឱ្យដឹង នឹងមិនដូចនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់ភាគខាងត្បូង ដូចដែលខ្លួនបានធ្វើក្នុងអំឡុងសង្គ្រាមត្រជាក់នោះទេ។ ជំនួសមកវិញ សហរដ្ឋអាមេរិកនឹងបង្កើនចំនួនទ្រព្យសម្បត្តិយោធា ដែលខ្លួនបញ្ជូនទៅកាន់ប្រទេសនេះ ជាបណ្តោះអាសន្ន ដូចជា៖ នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែក។ មន្ត្រីបានប្រដូចវាទៅនឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តអឺរ៉ុបក្នុងសង្គ្រាមត្រជាក់ ក្នុងអំឡុងពេលនៃការគំរាមកំហែងស្រដៀងគ្នានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NBC News
- Share This Post:






