អន្តរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា ណែនាំឱ្យតាមដានយ៉ាងដិតដល់ចំពោះជំងឺកូវីដ១៩ ក្រោយករណីថ្មីៗបានហក់ឡើងខ្ពស់បន្ទាប់ពីបុណ្យសង្ក្រាន្ត

BY
autoadmin
April 28, 2023

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានណែនាំដល់អាជ្ញាធរសុខាភិបាលនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ឱ្យធ្វើការតាមដានយ៉ាងដិតដល់ចំពោះករណីថ្មីៗនៃជំងឺ COVID-19 នៅក្នុងតំបន់របស់ពួកគេ ខណៈដែលចំនួនឆ្លងថ្មីនៅតែបន្តកើនឡើង បន្ទាប់ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានបទបញ្ជានេះក្រោយទទួលបានដំណឹងពីករណីឆ្លងនៅចន្លោះថ្ងៃទី១៦-២២ ខែមេសា ពីនាយកដ្ឋានគ្រប់គ្រងជំងឺ ដែលបង្ហាញថា ចំនួនអ្នកឆ្លង COVID-19 ថ្មីកំពុងតែកើនឡើង។

លោក Anucha បាននិយាយថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ មានការព្រួយបារម្ភជាពិសេសចំពោះបុគ្គលដែលស្ថិតនៅក្នុងក្រុម «608» ដែលរួមមាន ប្រជាពលរដ្ឋវ័យចំណាស់ បុគ្គលដែលមានជំងឺរ៉ាំរ៉ៃ ក៏ដូចជាបុគ្គលិកពេទ្យ និងបុគ្គលិកជួរមុខ។ អ្នកនាំពាក្យរូបនេះបាននិយាយថា បុគ្គលនៅក្នុងក្រុមនេះគួរតែស្វែងរកដូសជំរុញ ដើម្បីធានាថា ការចាក់វ៉ាក់សាំង COVID-19 នៅតែមានប្រសិទ្ធភាពខ្ពស់ ដោយបានបន្ថែមថា ក្រសួងសុខាភិបាលសាធារណៈ ក៏ត្រូវបានណែនាំឱ្យតាមដានការរីករាលដាលនៃវ៉ារ៉្យង់អូមីក្រុងប្រភេទរង XBB.1.16 ផងដែរ។ គួរឱ្យដឹងដែរថា ចាប់តាំងពីថ្ងៃសង្ក្រាន្តឆ្នាំថ្មីមក ប្រទេសថៃមានការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១,០៨៨ ករណី ដែលស្មើនឹងប្រមាណ ១៥៥ករណី ក្នុងមួយថ្ងៃ ឬ ២.៥ដង ច្រើនជាងករណីជាមធ្យមនៅមុនពេលថ្ងៃបុណ្យឈប់សម្រាក៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: