សង្គម
ក្រោយក្លាយជាអភិបាលរងក្រុងអរិយក្សត្រ ធី សុវណ្ណថា បញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រី ធី សុវណ្ណថា បានបញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់មួយនេះ។

លោកស្រី ធី សុវណ្ណថា សរសររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់ “អភិបាលរងក្រុងអរិយក្សត្រ” ដល់រូបនាងខ្ញុំ។ នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន។»
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ លោកស្រី ធី សុវណ្ណថា រួមនិងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ៕



សង្គម
សោកស្តាយ! លោក Keisuke Honda សម្រេចបិទក្លិបបាល់ទាត់ សូលទីឡូអង្គរ ដោយសារមិនអាចរកដៃគូសហការឧបត្ថម្ភ
(ភ្នំពេញ)៖ ជារឿងគួរឱ្យសោកស្តាយ ក្រុមបាល់ទាត់នៅលីគលំដាប់ទីពីរកម្ពុជា សូលទីឡូអង្គរ (Soltilo Angkor FC) ដែលជាការផ្ដួចផ្ដើមបង្កើតឡើងដោយលោក Keisuke Honda ក្នុងឆ្នាំ២០១៧ ត្រូវបានរំសាយចោល។

លោក Keisuke Honda ប្រធានក្លិបបាល់ទាត់ Soltilo Angkor FC នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថាលោកសម្រេចចិត្តបញ្ចប់ដំណើររបស់ក្លិបបាល់ទាត់នេះ ក្រោយមិនអាចរកដៃគូសហការឧបត្ថម្ភក្លិប។
លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេល៦ឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។
ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!»៕



