អន្តរជាតិ

ស្អែកនេះ ជប៉ុននឹងបញ្ចប់វិធានការពាក់ព័ន្ធនឹងជំងឺ COVID-19 សម្រាប់អ្នកដែលចូលមកប្រទេសខ្លួន

BY
autoadmin
April 28, 2023

ជប៉ុននឹងបញ្ចប់វិធានការពាក់ព័ន្ធនឹងជំងឺ COVID-19 សម្រាប់ប្រជាជនដែលមកដល់ប្រទេសខ្លួន ចាប់ពីថ្ងៃសៅរ៍ស្អែកនេះតទៅ។ ជម្រាបដែរថា រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នតម្រូវឱ្យអ្នកដែលចូលមកក្នុងប្រទេសជប៉ុនបង្ហាញភស្តុតាងថា ពួកគេបានទទួលការចាក់វ៉ាក់សាំងចំនួន ៣ដូស ឬច្រើនជាងនេះ នៅក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា តម្រូវការនឹងត្រូវបានដកចេញ ហើយប្រទេសជប៉ុននឹងបញ្ចប់ការធ្វើតេស្តចៃដន្យ ចំពោះអ្នកដំណើរដែលមកដល់ប្រទេសជប៉ុនតាមជើងហោះហើរត្រង់ពីប្រទេសចិនដីគោកផងដែរ។

ដំបូងឡើយរដ្ឋាភិបាលគ្រោងនឹងបញ្ចប់វានៅថ្ងៃទី០៨ ខែឧសភា នៅពេលដែលហានិភ័យនៃជំងឺ COVID-19 នឹងត្រូវបានបន្ទាបទៅកម្រិតទាបបំផុត ពោលគឺជាក្រុមដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយតាមរដូវ។ លោក Matsuno បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់តម្រូវការលឿនជាងការគ្រោងទុក ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់អ្នកដំណើរ ដែលនឹងទៅក្រៅប្រទេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​គ្រោង​បន្ត​ការ​ធ្វើ​តេស្ត​រក​ជំងឺ COVID-19 សម្រាប់​ប្រជាជន​ដែល​ចូល​ប្រទេស​ជប៉ុនដែល​មាន​រោគ​សញ្ញា​រួម​មាន៖ ​គ្រុនក្តៅ និង​ក្អក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: