អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាសចង់ត្រឡប់ចូលប្រទេសថៃវិញ ដើម្បីជួបចៅប្រុសដែលទើបនឹងកើត

BY
autoadmin
May 1, 2023

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកចង់ត្រឡប់ទៅផ្ទះវិញ ដើម្បីជួបចៅប្រុសដែលទើបនឹងកើតរបស់គាត់។ ជម្រាបដែរថា កូនស្រី​របស់​គាត់គឺលោកស្រី ប៉ាតុងតាន ស៊ីណាវ៉ាត្រា សម្រាល​បាន​កូន​ប្រុស​​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទដើមខែឧសភានេះតែម្ដង។ តាមរយៈការបង្ហោះលើបណ្ដាញ Twitter គណនី @ThaksinLive អតីតនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា គាត់រីករាយណាស់ដែលបានស្វាគមន៍ចៅទី៧ របស់គាត់ ដោយបន្ថែមថា ចៅទាំងអស់របស់គាត់បានកើត ខណៈពេលដែលគាត់កំពុងនិរទេសខ្លួន។ ចៅដែលទើប​នឹង​កើត​មាន​ឈ្មោះ​ថា Prutthasin Sooksawas។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសរសេរថា៖«​ខណៈ​ដែល​ខ្ញុំ​នឹង​មាន​អាយុ ៧៤ ឆ្នាំ​នៅ​ខែកក្កដា​នេះ ខ្ញុំ​ចង់​សុំ​ការអនុញ្ញាត​ដើម្បី​ត្រឡប់​ទៅ​មើលថែ​ចៅ​របស់ខ្ញុំ​វិញ​។ ជួបគ្នាឆាប់ៗ»។ រំលឹកដែរថា អតីត​នាយក​រដ្ឋមន្ត្រី​រូបនេះបាន​បញ្ចេញ​តម្រុយ​ជាច្រើន​ អំពី​ការ​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ ជាឧទាហរណ៍ គាត់ក៏បានប្រាប់សារព័ត៌មានជប៉ុន Kyodo News នៅថ្ងៃទី២៤ ខែមីនាថា គាត់នឹងសុខចិត្តប្រឈមមុខនឹងច្បាប់ ប្រសិនបើគាត់អាចចំណាយពេលពេញមួយជីវិតរបស់គាត់ជាមួយគ្រួសាររបស់គាត់។

លោកថាក់ស៊ីន បានរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ២០០៨ ដោយចំណាយពេលភាគច្រើននៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីរដ្ឋាភិបាលរបស់គាត់ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាដឹកនាំដោយឧត្តមសេនីយ Sonthi Boonyaratglin កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦។ គាត់ក៏ប្រឈមមុខនឹងការចោទប្រកាន់ និងកាត់ទោសដាក់គុកជាច្រើនដងផងដែរ ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានអំណាច៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: