អន្តរជាតិ

ប្រធានាធិបតីលោក ចូ បៃដិន បាននិយាយថា ប្រព័ន្ធធនាគាររបស់អាមេរិកគឺមានសុវត្ថិភាព

BY
autoadmin
May 2, 2023

ក្រុមហ៊ុន JPMorgan Chase ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ទើបតែបានទិញយកធនាគារ First Republic កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ខណៈដែលមេដឹកនាំអាមេរិកជាច្រើន កំពុងព្យាយាមចង់ឱ្យមានការបញ្ចប់ភាពមិនច្បាស់លាស់នៅក្នុងប្រព័ន្ធធនាគារ។ មន្ត្រីសហព័ន្ធ បាននិងកំពុងកំណត់ផលប៉ះពាល់ក្រោយការដួលរលំធនាគារ Silicon Valley និង Signature Bank ស្របពេលព្យាយាមបញ្ចុះបញ្ចូលអ្នកវិនិយោគរបស់ JPMorgan និងក្រុមហ៊ុនចំនួន ១០ ផ្សេងទៀត ឱ្យជួយជ្រោមជ្រែង First Republic នៅក្នុងខែមីនា ជាមួយនឹងប្រាក់បញ្ញើចំនួន ៣០ ពាន់លានដុល្លារ។

​យ៉ាង​ណាក៏ដោយ អតិថិជន និង​អ្នក​វិនិយោគ​ បាន​បន្ត​ដក​ប្រាក់​របស់​ពួក​គេចេញពី First Republic ដោយអ្នកវិនិយោគទាំងនោះ បានលក់ប្រាក់បញ្ញើរបស់ធនាគារ និងទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួនទៅឱ្យ JPMorgan ហើយឥឡូវនេះសាខារបស់ First Republic ត្រូវបានបើកឡើងវិញ នៅក្រោមឈ្មោះជាសាខារបស់ JPMorgan។

ថ្វីបើមានបញ្ហាផ្ទួនៗក្នុងប្រព័ន្ធធនាគារ ប្រធានាធិបតីលោក ចូ បៃដិន បានធានាដល់ប្រជាជនអាមេរិកថា ប្រព័ន្ធនេះគឺ «មានសុវត្ថិភាព និងគ្មានហានិភ័យ»។ លោកបាននិយាយថា អ្នកដាក់ប្រាក់បញ្ញើទាំងអស់កំពុងត្រូវបានការពារ ហើយអ្នកបង់ពន្ធ (ពលរដ្ឋធម្មតា) មិនមែនជាអ្នកដែលជាប់ពាក់ព័ន្ធនឹងរឿងនោះទេ។ លោក បៃដិន បានអំពាវនាវដល់និយតករឱ្យពង្រឹងការគ្រប់គ្រងរបស់ពួកគេចំពោះធនាគារ ហើយគាត់​ក៏​ចង់​ផ្តល់​ឱ្យ​ពួក​គេ​នូវដំណោះស្រាយ ​ដើម្បី​ឱ្យ​អ្នកវិនិយោគធំៗមាន​ការ​ទទួល​ខុស​ត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ NBC News

Share This Post: